(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១នេះ បានចេញសេចក្ដីណែនាំ ការអនុវត្តការឈប់សម្រាកក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ ប្រពៃណីជាតិ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១។
ក្នុងសេចក្ដីណែនាំ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានធ្វើការណែនាំម្ចាស់ ឬនាយក រោងចក្រ សហគ្រាសទាំងអស់ ត្រូវអនុវត្តតាមជម្រើសណាមួយ ដូចខាងក្រោម៖
*ទី១៖ អនុញ្ញាតឲ្យកម្មករនិយោជិតទាំងអស់របស់ខ្លួន ឈប់សម្រាកដោយមានប្រាក់ឈ្នួលក្នុងពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១។ ចំពោះរោងចក្រ សហគ្រាសទាំងឡាយណា ដែលកម្មវត្ថុអាជីវកម្មមានចរិតលក្ខណៈសកល ត្រូវប្រព្រឹត្តជាប្រចាំ និងមិនអាចបញ្ឈប់សកម្មភាពបាន ហើយការឈប់សម្រាកបុណ្យនៃកម្មករនិយោជិតទាំងអស់ព្រមគ្នា ក្នុងពេលតែមួយនាំឲ្យខូចប្រយោជន៍ដល់សាធារណជន ឬក៏ធ្វើឲ្យខូចដំណើរការរបស់រោងចក្រ សហគ្រាសនោះ ម្ចាស់ ឬនាយករោងចក្រ សហគ្រាសត្រូវរៀបចំបែងចែកឲ្យកម្មករនិយោជិតបានឈប់សម្រាកដោយ
ផ្លាស់វេនគ្នា។
កម្មករនិយោជិតដែលធ្វើការថ្ងៃឈប់បុណ្យចូលឆ្នាំនេះ មានសិទ្ធិទទួលប្រាក់បំណាច់បន្ថែម ដែលមានចំនួនស្មើនឹងប្រាក់ឈ្នួលថ្ងៃធ្វើការធម្មតា។ ម្ចាស់ ឬនាយករោងចក្រ សហគ្រាស ត្រូវរៀបចំបញ្ជីឈ្មោះកម្មករនិយោជិត ដែលត្រូវផ្លាស់ប្តូរគ្នាឈប់សម្រាកតាមកាលបរិច្ឆេទនីមួយៗខាងលើ និងរក្សាទុកជាប្រចាំ
សម្រាប់ការត្រួតពិនិត្យរបស់អធិការការងារ។
*ទី២៖ លើកការឈប់សម្រាកនេះ ទៅអនុវត្តរួមគ្នាជាមួយការឈប់សម្រាកក្នុងពិធីបុណ្យភ្ជុំបិណ្ឌ ឬថ្ងៃឈប់សម្រាកណាមួយ សមស្របនាពេលខាងមុខ ដោយតម្រូវឲ្យមានការព្រមព្រៀងរវាងនិយោជកជាមួយនឹងប្រតិភូបុគ្គលិក ឬតំណាងកម្មករនិយោជិត។
កិច្ចព្រមព្រៀងត្រូវធ្វើជាលាយលក្ខណ៍អក្សរ និងរក្សាទុក សម្រាប់ការត្រួតពិនិត្យរបស់អធិការការងារ។ ចំពោះការបំពេញការងារនៅថ្ងៃឈប់សម្រាកនេះ ការផ្តល់ប្រាក់ឈ្នួលត្រូវអនុវត្តតាមអត្រាប្រាក់ឈ្នួល នៃថ្ងៃធ្វើការធម្មតា។
ជាមួយគ្នានេះ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក៏បានក្រើនរំលឹកដល់ម្ចាស់ ឬនាយករោងចក្រ សហគ្រាស និងកម្មករនិយោជិតទាំងអស់ ត្រូវបន្ដចូលរួមអនុវត្តវិធានការ «៣ការពារ និង៣កុំ» និងវិធានការសុខាភិបាលចាំបាច់ផ្សេងទៀត ឲ្យបានខ្ជាប់ខ្ជួនបំផុត៕