(ភ្នំពេញ)៖ លោកស្រី យក់ សម្បត្ដិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងថា ក្រោមការចង្អុលបង្ហាញរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក្រសួងសុខាភិបាលនឹងដាក់ដំណើរការម៉ាស៊ីន PCR សម្រាប់ធ្វើតេស្ដរកមេរោគកូវីដ១៩ និងមេរោគផ្សេងៗចំនួន ៣បន្ថែមទៀត នៅខែមេសាខាងមុខនេះ។
លោកស្រីបានថ្លែងបញ្ជាក់ប្រាប់បណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១នេះថា «ក្រោមការជំរុញ និងចូលរួមពីអង្គការដៃគូ ម៉ាស៊ីនធំៗចំនួន២ សម្រាប់តេស្ដសំណាករកមេរោគកូវីដ១៩ នឹងមកដល់កម្ពុជាក្នុងពេលឆាប់ៗខាងមុខនេះ ដោយម៉ាស៊ីនមួយគ្រឿងដំបូង នឹងមកដល់នៅសប្ដាហ៍ក្រោយនេះ ដែលនឹងដាក់ដំឡើងនៅក្នុងមជ្ឈមណ្ឌលជាតិផ្ដល់ឈាម។ ដោយឡែកម៉ាស៊ីនមួយគ្រឿងទៀត នឹងមកដល់ខែមេសា ថ្ងៃទី១៩ ដែលនឹងបំពាក់ នៅវិទ្យាស្ថានសុខភាពសាធារណៈ»។
លោកស្រីរដ្ឋលេខាធិការបានថ្លែងបន្ដថា «សម្រាប់ការជ្រើសទីតាំងទាំង២ខាងលើនេះ ដោយសារមណ្ឌលនេះ សង្គត់ធ្ងរលើមន្ទីរពិសោធន៍ស្រាប់ ដែលជាអំណោយផលមួយ យើងអាចដាក់ម៉ាស៊ីនចូលទៅ អាចដំណើរការបានតែម្ដង ទាំងការគ្រប់គ្រង ការយកសំណាក និងការធ្វើតេស្ដបានយ៉ាងរហ័ស។ ដូច្នេះយើងនឹងដំណើរការ យ៉ាងយូរក្រោយចូលឆ្នាំខ្មែរ ដើម្បីឆ្លើយតបទៅនឹងការផ្ទុះក្នុងសហគមន៍២០កុម្ភៈ ដែលក្រោមចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ របស់សម្ដេចតេជោនាយករដ្ឋមន្ដ្រី ឱ្យក្រសួងសុខាភិបាល ពន្លឿន និងជំរុញការបំពាក់ម៉ាស៊ីននេះ ឱ្យមានលទ្ធភាពពិនិត្យសំណាក ឱ្យបានកាន់តែឆាប់រហ័ស»។
ទន្ទឹមនឹងនោះដែរ ក្រសួងក៏ទើបទទួលបានម៉ាស៊ីន PCR មួយគឿងទៀត ដែលជាជំនួយឥតសំណងរបស់មិត្ដចិន ទើបមកដល់កាលពីសប្ដាហ៍មុន ដែលនឹងបំពាក់នៅខេត្ដព្រះសីហនុ បន្ទាប់ពីក្រុមជំនាញការនៃសាធារណៈរដ្ឋប្រជាមានិតចិន នឹងអញ្ជើញមកដល់នៅថ្ងៃទី២៩ ខែមីនាខាងមុខ ដើម្បីមកជួយដំឡើងម៉ាស៊ីននេះ។ ដូច្នេះនៅពេលមានម៉ាស៊ីនធំ សម្រាប់តេស្ដសំណាកនៅខេត្ដព្រះសីហនុ រាល់សំណាកនៅខេត្ដកែប និងកំពត នឹងអាចដឹកជញ្ជូនសំណាក មកពិនិត្យនៅខេត្ដព្រះសីហនុ។
លោកស្រី យក់ សម្បត្ដិ បានថ្លែងបញ្ជាក់ថា «បច្ចុប្បនេះចំពោះមុខយើងមានម៉ាស៊ីនធំៗចំនួន៣ ដែលនឹងដំឡើងដាក់ឱ្យដំណើរការព្រមគ្នាតែម្ដង នៅខែមេសាខាងមុខនេះ»។
សូមជម្រាបថា ដើម្បីស្វែងរកទីតាំងដ៏សមស្រប សម្រាប់ដំណើរការម៉ាស៊ីន PCR ចំនួន២គ្រឿងខាងលើ ព្រឹកថ្ងៃទី២៣ ខែមីនានេះ ក្រុមការងារផ្នែកមន្ទីរពិសោធន៍ រួមមានក្រសួងសុខាភិបាល ដែលដឹកនាំផ្ទាល់ដោយ លោកស្រី យក់ សម្បត្ដិ, ប្រធាននាយកដ្ឋានពិនិត្យជំងឺឆ្លង, នាយកវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា, នាយកវិទ្យាស្ថានសុខភាពសាធារណៈ, តំណាងអង្គការសុខភាពពិភពលោក, តំណាងធនាគារពិភពលោក ដែលជាម្ចាស់គម្រោង និងមានការចូលរួមពីរដ្ឋលេខាធិការប្រចាំការអាកាសចរណ៍ស៊ីវិល បានពិភាក្សារួមគ្នាយ៉ាងចិត្ដទុកបំផុតផងដែរ៕