(ភ្នំពេញ)៖ ក្រសួងសុខាភិបាល បានចេញមកកំណត់ច្បាស់ហើយពីបុគ្គល និងទីតាំង ដែលនឹងត្រូវពាក់ម៉ាស់។ ក្នុងនោះនៅទីសាធារណៈមានមនុស្សច្រើន ឬកន្លែងជួបជុំចាប់ពីពីរនាក់ឡើងទៅ គឺតម្រូវឱ្យបុគ្គលគ្រប់រូបត្រូវតែពាក់ម៉ាស់។ បើមិនពាក់ម៉ាស់នឹងរងការពិន័យពី២០ម៉ឺន ទៅ១លានរៀល។

ការបញ្ជាក់នេះបានធ្វើឡើងតាមរយៈសេចក្តីប្រកាសមួយធ្វើឡើងនាថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១។ ក្នុងសេចក្តីប្រកាសនេះ បានបញ្ជាក់ថា បុគ្គលដែលមានកាតព្វកិច្ចពាក់ម៉ាសរួមមាន៖

* បុគ្គលដែលមានវិជ្ជមានកូវីដ-១៩ ក្នុងពេលជួបផ្ទាល់ជាមួយមន្ត្រីសុខាភិបាល ឬមន្ត្រីមានសមត្ថកិច្ចផ្សេងទៀត

* បុគ្គលដែលមានកាតព្វកិច្ចធ្វើចត្តាឡីស័ក លើកលែងតែបុគ្គលនោះធ្វើចត្តាឡីស័ក នៅក្នុងបន្ទប់ដាច់ដោយឡែកតែឯង និងមិនជួបផ្ទាល់ជាមួយអ្នកដទៃ

* អ្នកបើកបរយានគ្រប់ប្រភេទដែលជាមធ្យោបាយធ្វើដំណើររួម ឬមធ្យោបាយដឹកជញ្ជូនសម្រាប់បម្រើឱ្យសាធារណជន

* អ្នកដំណើរតាមមធ្យោបាយធ្វើដំណើររួម ឬមធ្យោបាយដឹកជញ្ជូនសម្រាប់បម្រើឱ្យសាធារណជន

* អ្នកផ្តល់សេវាផ្ទាល់ដល់អតិថិជន រួមមាន បុគ្គលិកជួរមុខនៅតាមសហគ្រាស ឬគ្រឹះស្ថាន ឬទីតាំងអាជីវកម្មនានា, មន្ត្រីនិងបុគ្គលិកសុខាភិបាល, អ្នកផ្តល់សេវាព្យាបាលដោយចលនា, បុគ្គលដែលបម្រើការនៅក្នុងភោជនីយដ្ឋានឬអាហារដ្ឋាន, បុគ្គលិកផ្ទះសំណាក់ឬសណ្ឋាគារ, បុគ្គលិកដែលផ្តល់សេវាម៉ាស្សា-កោសជប់ និងបុគ្គលផ្សេងទៀតដែលផ្តល់សេវាផ្ទាល់ជាមួយអតិថិជន

* បុគ្គលផ្សេងទៀតដែលកំពុងស្ថិតនៅតាមទីសាធារណៈដែលមានមនុស្សច្រើន ឬទីកន្លែងដែល មានការជួបជុំមនុស្សចាប់ពី ២ (ពីរ) នាក់ឡើងទៅ។

ក្នុងសេចក្តីប្រកាសនេះ បានបញ្ជាក់ផងដែរពីកន្លែងដែលតម្រូវឱ្យពាក់ម៉ាស់។ សេចក្តីប្រកាសបានបញ្ជាក់ថា រាល់សហគ្រាស ឬគ្រឹះស្ថានឯកជន ឬម្ចាស់អាជីវកម្ម រួមមានជាអាទិ៍ភោជនីយដ្ឋាន អាហារដ្ឋាន ផ្ទះសំណាក់ សណ្ឋាគារ គ្លីនិក ឬមន្ទីរសម្រាកព្យាបាលជំងឺ ឱសថស្ថាន ផ្សារទំនើប ហាងលក់ទំនិញ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថ រោងចក្រ សិប្បកម្ម ឬទីកន្លែងធ្វើការ ឬទីកន្លែងអាជីវកម្មដទៃទៀត ត្រូវត្រួតពិនិត្យ និងណែនាំបុគ្គលិក និងបុគ្គលគ្រប់រូប ដែលចូលទៅទីកន្លែងរបស់ខ្លួនឱ្យពាក់ម៉ាស ហើយមិនត្រូវអនុញ្ញាតឱ្យបុគ្គលដែលមិនពាក់ម៉ាសចូលក្នុងទីកន្លែងរបស់ខ្លួនឡើយ។ លើកលែងតែចំពោះបុគ្គលដែលត្រូវបានអនុញ្ញាតឱ្យរួចផុតពីកាតព្វកិច្ចពាក់ម៉ាស ដូចមានចែងក្នុងកថាខណ្ឌទី៣ និងទី៤ នៃប្រការ៣ នៃប្រកាសនេះ។

សេចក្តីប្រកាសដដែលនេះ ក៏បានបញ្ជាក់ផងដែរ ពីទីតាំងភូមិសាស្ត្រដែលត្រូវអនុវត្តកាតព្វកិច្ចពាក់ម៉ាស់។ ការអនុវត្តកាតព្វកិច្ចពាក់ម៉ាស ត្រូវបានធ្វើឡើងនៅភូមិសាស្ត្រដែលមានការឆ្លងរាលដាល នៃជំងឺកូវីដ១៩ ក្នុងសហគមន៍ ដែលត្រូវបានកំណត់តាមការជូនដំណឹងរបស់ក្រសួងសុខាភិបាល។

សម្រាប់ភូមិសាស្ត្រដែលមិនមានការឆ្លងរាលដាលជំងឺកូវីដ១៩ ក្នុងសហគមន៍ ក្រសួងបានលើកទឹកចិត្តឱ្យបុគ្គលគ្រប់រូបប្រកាន់ខ្ជាប់នូវវិធានការ «៣ការពារ និង៣កុំ» ដើម្បីបង្ការការចម្លង ឬការឆ្លងមេរោគកូវីដ១៩។

ក្នុងសេចក្តីប្រកាសនេះ បានបញ្ជាក់ថា បុគ្គលដែលមិនអនុវត្តកាតព្វកិច្ចនៃការពាក់ម៉ាស ឬកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព ត្រូវទទួលទណ្ឌកម្មដូចមានចែងក្នុងអនុក្រឹត្យស្តីពីវិធានសុខាភិបាលដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត។ មាត្រា១៩ នៃអនុក្រឹត្យ បានចែងថា អ្នកមិនពាក់ម៉ាស់ត្រូវផ្តន្ទាទោសជាពិន័យអន្តរការណ៍ពី ២០០,០០០រៀល ទៅ ១,០០០,០០០រៀល។

បើទោះបីជាយ៉ាងណាក្នុងសេចក្តីប្រកាសនេះ បានបញ្ជាក់ពីបុគ្គលដែលបានលើកលែងមិនឱ្យពាក់ម៉ាសផងដែរ។ បុគ្គលដែលលើកលែងមិនឱ្យពាក់ម៉ាសរួមមាន៖

* កុមារអាយុក្រោម ៦ (ប្រាំមួយ) ឆ្នាំ ដែលមិនមែនជាបុគ្គលដែលមានវិជ្ជមានកូវីដ-១៩ ឬជា បុគ្គលដែលមានកាតព្វកិច្ចធ្វើចត្តាឡីស័ក

* បុគ្គលដែលមិនអាចពាក់ម៉ាសបានដោយមូលហេតុកាយសម្បទា ឬមូលហេតុសុខភាពដោយមានការបញ្ជាក់ពីគ្រូពេទ្យ

* បុគ្គលដែលរស់នៅក្នុងលំនៅឋានឯកជនជាមួយគ្នា ក្នុងអំឡុងពេលនៃការជួបជុំគ្នានៅក្នុងលំនៅឋាននោះ

* ក្នុងអំឡុងពេលធ្វើដំណើរតាមមធ្យោបាយធ្វើដំណើរឯកជនបិទជិតតែម្នាក់ឯង ឬជាមួយបុគ្គល ដែលរស់នៅក្នុងលំនៅឋានជាមួយគ្នា

* សម្រាប់កីឡាករ-កីឡាការីនីក្នុងអំឡុងពេលកំពុងហាត់សម ឬពេលកំពុងប្រកួតកីឡា ក្នុងព្រឹត្តិការណ៍កីឡាផ្លូវការ ដែលការពាក់ម៉ាសមិនអាចធ្វើទៅបាន

* ក្នុងកាលៈទេសៈដែលមានការតម្រូវឱ្យដោះម៉ាសជាចាំបាច់ ដើម្បីបង្ហាញអត្តសញ្ញាណបុគ្គល ឬដើម្បីទទួលសេវាសុខាភិបាល ឬសេវាចាំបាច់ផ្សេងទៀត

* ក្នុងកាលៈទេសៈនៃសកម្មភាពដែលចាំបាច់ត្រូវដោះម៉ាស ជាអាទិ៍នៅពេលបរិភោគអាហារ និងភេសជ្ជៈ ឬនៅពេលថតរូបសម្រាប់ប្រើប្រាស់ដើម្បីសម្គាល់អត្តសញ្ញាណក្នុងឯកសារផ្លូវការ។

កាតព្វកិច្ចនៃការពាក់ម៉ាសនេះ ក៏អាចត្រូវបានលើកលែងផងដែរ ចំពោះសិល្បករ-សិល្បការីនីដែល ត្រូវសម្ដែងក្នុងកម្មវិធីសិល្បៈដែលត្រូវបានអនុញ្ញាតដោយអាជ្ញាធរមានសមត្ថកិច្ច ឬបុគ្គលដែលត្រូវបញ្ចេញមតិក្នុងកម្មវិធី ឬកិច្ចប្រជុំផ្លូវការនានា៕