(កំពត)៖ លោក ជាវ តាយ អភិបាលខេត្តកំពត បានស្នើពីរចំណុចដល់មន្ត្រី នៃមន្ទីរជំនាញ និងអាជ្ញាធរពាក់ព័ន្ធ ត្រូវរួមសហការគ្នា ត្រៀមរៀបចំផែនការចាក់វាក់សាំងកូវីត១៩បន្ត ជូនប្រជាពលរដ្ឋទូទៅ នាពេលខាមុខ ប្រព្រឹត្តទៅដោយរលូន និងទទួលបានលទ្ធផលល្អប្រសើរ តាមផែនការគ្រោងទុករបស់រាជរដ្ឋាភិបាល។

ការស្នើពីរចំណុចនេះខណៈលោកអភិបាលខេត្ត ដឹកនាំក្នុងកិច្ចប្រជុំអនុគណៈកម្មការ ពាក់ព័ន្ធកិច្ចការចាក់វ៉ាក់សាំងកូវីត១៩ ក្នុងក្របខណ្ឌទូទាំងខេត្ត នាសៀលថ្ងៃទី២២ ខែមីនាឆ្នាំ២០២១ នៅសាលប្រជុំសាលាខេត្តកំពត។

ពីរចំណុច ដែលលោកអភិបាលខេត្តកំពត បានស្នើរួមមាន៖

*ទី១៖ សូមឲ្យរៀបចំធ្វើផែនការស្ថិតិប្រជាពលរដ្ឋដែលពាក់ព័ន្ធ តាមភូមិ ឃុំ សង្កាត់ ក្នុងទូទាំងក្រុង ស្រុកនីមួយៗ ហើយនៅតាមមន្ទីរ អង្គភាព ស្ថាប័ន ក៏ត្រូវមានស្ថិតិឲ្យច្បាស់លាស់ផងដែរ ដើម្បីធានាថា ការចាក់វ៉ាក់សាំងកូវីដ១៩ ត្រូវបានផ្តល់ជូនគ្រប់សមាសភាព និងប្រជាពលរដ្ឋ តាមដំណាក់កាលអាទិភាព នីមួយៗ ផ្អែកតាមគោលការណ៍ របស់គណៈកម្មការចំពោះកិច្ចការចាក់វ៉ាក់សាំងកូវីត១៩។

*ទី២៖ សូមឲ្យមន្ទីរសុខាភិបាល និងអាជ្ញាធរក្រុង ស្រុកយកចិត្តទុកដាក់ សហការគ្នារៀបចំធ្វើផែនការ ស្ថិតិមុខព្រួញប្រជាពលរដ្ឋ ដែលជាអទិភាពទទួលវ៉ាក់សាំង តាមគោលការណ៍ណែនាំ របស់គណៈកម្មការចំពោះកិច្ចការចាក់វ៉ាក់សាំងកូវីត១៩។

ទន្ទឹមនេះ លោកអភិបាលខេត្ត បានបញ្ជាក់ដែរថា តាមផែនការរបស់ប្រមុខរាជរដ្ឋាភិបាល បានកំណត់ការចាក់វ៉ាក់សាំងកូវីត១៩ ជូនប្រជាពលរដ្ឋដោយស្ម័គ្រចិត្ត និងឥតគិតថ្លៃ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស ឱ្យបាន១០លាននាក់ នាពេលខាងមុខឆាប់ៗនេះផងដែរ។

ដោយឡែក សម្រាប់ការចាក់វ៉ាក់សាំងកូវីត១៩ ទូទាំងខេត្តកំពត ក្នុងជំហ៊ានទី២ ដែលត្រូវអនុវត្តនាពេលខាងមុខនេះ ដើម្បីឲ្យទទួលបានលទ្ធផលជោគជ័យ គឺចាំបាច់ត្រូវត្រៀមលក្ខណៈការងាររៀបចំធ្វើផែនការស្ថិតិ ទិន្នន័យ ឲ្យបានជាក់លាក់ ច្បាស់លាស់ ជាមួយនឹងការងារដ៏សំខាន់ ពាក់ព័ន្ធការចាក់សាំងការពារកូវីត១៩នេះ៕