(កំពង់ឆ្នាំង)៖ កម្លាំងអាជ្ញាធរខេត្តកំពង់ឆ្នាំងនៅយប់ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១នេះ បានចាប់បញ្ជូនស្ត្រីកើតជំងឺកូវីដ១៩ម្នាក់ មកសម្រាកព្យាបាលនៅសណ្ឋាគារ Great Duck បន្ទាប់ពីរូបនាងនាំសង្សារទៅលេងស្រះត្រីស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
យោងតាមអាជ្ញាធរមូលដ្ឋានបានឱ្យដឹងថា នៅថ្ងៃទី២៤ ខែមីនា នេះ ស្ត្រីឈ្មោះ ហីន ចាញ់សុធា អាយុ២៨ឆ្នាំ ដែលមានវិជ្ជមានជំងឺកូវីដ១៩ រស់នៅភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ បាននាំសង្សាររបស់ខ្លួនជាអ្នកខេត្តកែប ទៅលេងស្រះចិញ្ចឹមត្រីរបស់បងស្រីខ្លួន ស្ថិតនៅក្នុងភុមិកំពង់ត្រឡាចក្រោម ឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
បន្ទាប់ពីទទួលបានព័ត៌មានសុំកិច្ចសហការពីរាជធានីភ្នំពេញនោះ អាជ្ញាធរស្រុកកំពង់ត្រឡាច និងខេត្តកំពង់ឆ្នាំង សហការជាមួយក្រុមគ្រូពេទ្យចុះពីភ្នំពេញទៅ បាននាំស្ត្រីមានវិជ្ជមានកូវីដ១៩នេះ មកព្យាបាលនៅភ្នំពេញ។ ដោយឡែកបុរសជាសង្សារដាក់ឱ្យធ្វើចត្តាឡីស័កនៅកន្លែងចិញ្ចឹមត្រី ដោយមានការយាមកាមពីកម្លាំងសមត្ថកិច្ច។
បើតាមអាជ្ញាធរបានឱ្យដឹងថា បុគ្គលទាំងពីរនាក់នេះ មិនបានទៅជាប់ពាក់ព័ន្ធជាមួយជនដទៃនោះទេ ដោយសារពួកគេបានជិះរថយន្តផ្ទាល់ខ្លួនពីភ្នំពេញ ហើយឆ្ពោះទៅកាន់កន្លែងចិញ្ចឹមត្រីតែម្តង។ បើទោះបីយ៉ាងណា អាជ្ញាធរក៏បន្តស្រាវជ្រាវក្រែងមានអ្នកពាក់ព័ន្ធនឹងបុគ្គលទាំងពីររូបនេះ៕