(ភ្នំពេញ)៖ នៅខេត្តកំពង់ឆ្នំាង អ្នកដែលពាក់ព័ន្ធអ្នកឆ្លងកូវីដ១៩ ចំនួន៦៨នាក់ ទទួលបានលទ្ធផលធ្វើតេស្តលើកទី១ «អវិជ្ជមាន» ខណៈចំនួន ១៤៦នាក់ទៀត កំពុងរង់ចាំលទ្ធផល។ នេះបើតាម លោក ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង ស្រង់លទ្ធផលពីវិទ្យាស្ថានប៉ាស្ទ័រ មកបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១នេះ។
ទោះជាយ៉ាងណា ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង បញ្ជាក់ថា អាជ្ញាធរខេត្តនៅតែបន្តប្រឹងប្រែងស្វែងរកអ្នកពាក់ព័ន្ធផ្សេងទៀតឲ្យ ដើម្បីយកទៅពិនិត្យ និងដាក់ឲ្យធ្វើចត្តាឡីស័ក ឲ្យបានត្រឹមត្រូវ។
បើតាមលោក ប្រាក់ វ៉ុន, កាលពីថ្ងៃទី២៣ ខែមីនា អាជ្ញាធរបានរកឃើញអ្នកពាក់ព័ន្ធនឹងអ្នកឆ្លងកូវីដ១៩ ចំនួន ៦៨នាក់ ហើយគិតត្រឹមល្ងាចថ្ងៃទី២៤ ខែមីនា អាជ្ញាធរបានរកឃើញអ្នកពាក់ព័ន្ធ ១៤៦នាក់ទៀត ធ្វើឲ្យអ្នកពាក់ព័ន្ធកើនដល់ ២១៤នាក់។
សូមជម្រាបថា ព្រឹត្តិការណ៍ស្វែងរកអ្នកពាក់ព័ន្ធនឹងអ្នកឆ្លងកូវីដ១៩ បានធ្វើឡើងបន្ទាប់ពី កាលពីយប់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ មានពលរដ្ឋ ២នាក់ប្ដីប្រពន្ធ មកពីរាជធានីភ្នំពេញ បានមើលចំការរបស់ពួកគេ ស្ថិតនៅក្នុងភូមិទ័ពត្បែង ឃុំពង្រ ស្រុករលាប្អៀរ ដោយពួកគេទាំង២ នាក់មានផ្ទុកមេរោគកូវីត-១៩ រួចទៅហើយ។ អ្នកទាំងពីរ មានទីលំនៅផ្ទះលេខ 91F ផ្លូវ ២០៨ បុរីវិមានភ្នំពេញ ស្ថិតក្នុងភូមិច្រាំងចំរេះ សង្កាត់ច្រាំងចំរេះ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ត្រូវក្រសួងសុខាភិបាលប្រកាសថា ឆ្លងកូវីដ១៩ កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១។
លោក ប្រាក់ វ៉ុន បានឲ្យបណ្តាញព័ត៌មាន Fresh News ដឹងថា បន្ទាប់ពីមានព្រឹត្តិការណ៍ខាងលើនេះកើតឡើង អាជ្ញាធរខេត្តកំពង់ឆ្នាំង បានប្រឹងប្រែងតាមរកអ្នកពាក់ព័ន្ធទាំងអស់ ទៅពិនិត្យ និងធ្វើចត្តាឡីស័កផងដែរ។ លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្ត ដែលជាប្រធានគណៈកម្មការកូវីដ១៩ ខេត្តកំពង់ឆ្នាំង ក៏បានកោះប្រជុំជាបន្ទាន់ ដោយបានកំណត់នូវវិធានការយ៉ាងម៉ឺងម៉ាត់ ដោយត្រូវតែបន្តតាមរកអ្នកដែលពាក់ព័ន្ធផ្ទាល់ ដើម្បីយកមកដាក់ធ្វើចត្តាឡីស័កឲ្យបានគត់មត់។
ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងបន្ថែមថា អំពីវិធានការបន្ត រួមមាន៖
* បន្តស្រាវជ្រាវអ្នកពាក់ព័ន្ធទាំងអស់ ដើម្បីសំណាក់អ្នកពាក់ព័ន្ធផ្ទាល់ និងដាក់ឲ្យចត្តាឡីស័ក
* បន្តគ្រប់គ្រង និងយកសំណាកអ្នកពាក់ព័ន្ធនៅសាលាស្រុករលាប្អៀរ និងបាញ់ថ្នាំសម្លាប់មេរោគ
* បិទផ្សារពងជាបណ្តោះអាសន្ន ដែលស្ថិតនៅក្នុងឃុំពង្រ ស្រុករលាប្អៀរ ចាប់ពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ របស់ដល់មានការជូនដំណឹងជាថ្មី
* ជូនដំណឹងដល់អ្នកពាក់ព័ន្ធផ្ទាល់ និងប្រយោល មកពិនិត្យ និងយកសំណាកនៅមណ្ឌលសុខភាពពង ចាប់ពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ រហូតដល់អស់។
សូមជម្រាបថា កម្ពុជាកំពុងជួបប្រទះករណីឆ្លងកូវីដ១៩ យ៉ាងធ្ងន់ធ្ងរមិនធ្លាប់មាន ជាព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ។ គិតត្រឹមព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ១៨១៧នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ១០៣៣នាក់, អ្នកកំពុងសម្រាកព្យាបាលជំងឺ ចំនួន ៧៧៧នាក់, ស្លាប់ចំនួន៥នាក់ និង២នាក់ទៀត ស្លាប់ដោយសារការរើថ្នាំញៀនធ្ងន់ធ្ងរ និងស្ទះសរសៃរឈាមបេះដូង ពេលកំពុងទទួលការព្យាបាលជំងឺកូវីដ១៩៕