(ភ្នំពេញ)៖ ប្រជាពលរដ្ឋជាប់ពាក់ព័ន្ធឆ្លងជំងឺកូវីដ-១៩ នៃព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ និងមានទាំងក្រុមគ្រួសារតារាចម្រៀងផលិតកម្មហង្សមាស អ្នកនាង សួស វីហ្សា ផងនោះ ដែលបាននិងកំពុងបន្តធ្វើចត្តាឡីស័កតាមលំនៅដ្ឋាន ចំនួន៦ទីតាំងផ្សេងៗគ្នា ស្មើ៥សង្កាត់ (ក្នុងចំណោម៧សង្កាត់) នៃមូលដ្ឋានខណ្ឌឫស្សីកែវ បានបន្តទទួលបានការសួរសុខទុក្ខ និងបន្តទទួលស្បៀងអាហារ ដើម្បីសម្រួលដល់ជីវភាពប្រចាំថ្ងៃមួយចំនួន ពីក្រុមការងាររដ្ឋបាលខណ្ឌ ដឹកនាំផ្ទាល់ដោយអភិបាលខណ្ឌ លោក ជា ពិសី និងជាសមាជិកក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។
ក្នុងសកម្មភាពមនុស្សធម៌នេះ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ មានវត្តមានចូលរួមពីលោកស្រី សួស សូលីដា អភិបាលរងខណ្ឌ, លោក-លោកស្រីប្រធាន-អនុប្រធានការិយាល័យចំណុះរចនាសម្ព័ន្ធរដ្ឋបាលខណ្ឌ, កម្លាំងនគរបាល, រដ្ឋបាលសង្កាត់ពាក់ព័ន្ធ និងកម្លាំងសណ្ដាប់ធ្នាប់ខណ្ឌ ផងដែរ ស្ថិតនៅសង្កាត់ច្រាំងចំរេះទី២, សង្កាត់ច្រាំងចំរេះទី១, សង្កាត់ស្វាយប៉ាក, សង្កាត់ប្ញស្សីកែវ និងសង្កាត់គីឡូម៉ែតលេខ៦។
លោក ជា ពិសី បានលើកឡើងថា ស្បៀងអាហារដែលបាននាំយកមកចែកជូននាឱកាសនេះ ជាទឹកចិត្តអាណិតស្រលាញ់ និងយកចិត្តទុកដាក់ពីសុខទុក្ខចំពោះប្រជាពលរដ្ឋរងគ្រោះទាំងអស់ ដោយពុំបានរើសអើង វណ្ណៈ ជាតិសាសន៍ ឬពណ៌សម្បុរឡើយ ពោលគឺប្រកបដោយសមធម៌ និងមនុស្សធម៌ពិតប្រាកដ។
លើសពីនេះ លោក ជា ពិសី បាននាំប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងការផ្ដាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ សូមឲ្យប្រជាពលរដ្ឋ បង្កើនការប្រុងប្រយ័ត្ន ដោយបន្តថែទាំ សុខភាពរៀងៗខ្លួន ប្រសិនជាមានបញ្ហាអ្វីមួយ សូមទាក់ទងមកកាន់មន្ត្រី និងកងកម្លាំង ដែលកំពុងប្រចាំការស្រាប់ និងជាពិសេសការអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការ ការពារជម្ងឺកូវីដ-១៩ «៣ការពារ-៣កុំ និង២ចូលរួម)។
លោកអភិបាលខណ្ឌឫស្សីកែវថា វិធានការ ការពារជំងឺកូវីដ-១៩ «៣ការពារ-៣កុំ និង២ចូលរួម) រួមមាន៖ ៣ការពារគឺ-ការពាក់ម៉ាស់ ការលាងដៃនឹងអាកុលឬជែល និងការរក្សាគម្លាតសង្គមចាប់ពី ១ម៉ែត្រកន្លះឡើងទៅ។ ៣កុំគឺ-កុំទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូលឬកន្លែងម៉ាស៊ីនត្រជាក់ កុំទៅកន្លែងដែលមានមនុស្សច្រើនកុះករ និងកុំប៉ពាល់គ្នា (គ្រប់រូបភាព)។ ២ចូលរួមគឺ-ការចូលរួមស្កេន ឃ្យូអរកូដ និងការចូលរួមចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ-១៩ ដែលវិធានទាំងអស់នេះជាឱសថទិព្វ ដើម្បីប្រយុទ្ធប្រឆាំងនឹងមេរោគកូវីដ-១៩ ហើយក៏ជាអាវុធដើម្បីបញ្ចប់ (ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ) ឲ្យផុតរលត់ឆាប់ៗ។
គួរជម្រាបថា ចំពោះគ្រឿងឧបភោគបរិភោគជាអំណោយផ្ទាល់របស់អភិបាលខណ្ឌឫស្សីកែវ ដែលបានឧបត្ថម្ភជូនប្រជាពលរដ្ឋ ជាប់ពាក់ព័ន្ធជំងឺឆ្លងកូវីដ-១៩ (ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ) និងកំពុងបន្តធ្វើចត្តាឡីស័កតាមទីតាំងកើតហេតុ រហូតមកទល់ពេលនេះ មានចំនួន៤៥៣គ្រួសារហើយ ស្មើ៣០កន្លែង ក្នុងចំណោម៣៦ទីតាំង ដែលបានចែក ចំនួន១១លើក សរុបរួមមាន៖ អង្ករ ១៩០គីឡូក្រាម, មី០១កេស, ទឹកក្រូច០១កេស, ទឹកស៉ីអ៉ីវ១០យួរ, ទឹកត្រី១០យួរ, ភេសជ្ជៈ១០យួរ, ឃីត១០កញ្ចប់ (គ្រឿងឧបភោគបរិភោគ០៧មុខ) និងត្រីងៀត ១០គីឡូក្រាម។
សូមបញ្ជាក់ផងដែរថា បើគិតត្រឹមវេលាម៉ោង២០៖៥៣នាទីយប់ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ សម្រាប់មូលដ្ឋានខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មានអ្នកវិជ្ជមាននឹងមេរោគកូវីដ-១៩ សរុបចំនួន៥៣នាក់ និងមានអ្នកធ្វើចត្តាឡីស័កនៅតាមទីតាំងកើតហេតុ សរុបចំនួន៥៨៣នាក់ នៃទីតាំងចត្តាឡីស័ក សរុប ចំនួន៣៦កន្លែង ក្រោយពីបានបញ្ចប់វិធានការចត្តាឡីស័ក ហើយបើកដំណើរការ ចំនួន ៦កន្លែងឡើងវិញជាធម្មតា៕