(ក្រចេះ)៖ លោក វ៉ា ថន អភិបាលខេត្តក្រចេះ នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១នេះ បានឲ្យដឹងថា មកទល់ពេលនេះអាជ្ញាធរ និងមន្ដ្រីសុខាភិបាល បានរកឃើញមនុស្ស៦៤នាក់ មានការពាក់ព័ន្ធទាំងផ្ទាល់ និងប្រយោលជាមួយមន្ដ្រីនគរបាលឈ្មោះ វ៉ាន់ ណាក្រូ ដែលកើតជំងឺកូវីដ-១៩ ហើយបានទៅសម្រាកព្យាបាលនៅមន្ទីរសម្រាកព្យាបាល និងសម្ភព ព្រាបស និងជួបសាច់ញាតខ្លួននៅខេត្តក្រចេះ។
ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News លោក វ៉ា ថន បានអះអាងថា អ្នកដែលពាក់ព័ន្ធផ្ទាល់ជាមួយលោក វ៉ាន់ ណាក្រូ ចំនួន២៩នាក់ ហើយកំពុងពិនិត្យសំណាក និងបន្ដឲ្យធ្វើចត្តាឡីស័ក នៅក្នុងមន្ទីរសម្រាកព្យាបាល និងសម្ភព ព្រាបសតែម្ដង និងម្នាក់ទៀត ធ្វើចត្តាឡីស័កនៅមន្ទីរពេទ្យបង្អែកខេត្ត ដែលត្រូវជាប្អូនបង្កើតរបស់លោក វ៉ាន់ ណាក្រូ។
ដោយឡែក អ្នកពាក់ព័ន្ធដោយប្រយោល ចំនួន៣៤នាក់ផ្សេងទៀត គឺតម្រូវឲ្យធ្វើចត្តាឡីស័កនៅតាមផ្ទះ ប៉ុន្ដែស្ថិតក្រោមការត្រួតពិនិត្យយ៉ាងម៉ឺងម៉ាត់ពីអាជ្ញាធរ និងសមត្ថកិច្ច។ នេះបើតាមការបញ្ជាក់របស់លោក វ៉ា ថន។
សូមជម្រាបថា លោក វ៉ា ថន បានអំពាវនាវជាបន្ទាន់មួយទៅកាន់ប្រជាពលរដ្ឋក្នុងខេត្តក្រចេះ ដែលបានជួបផ្ទាល់ ឬប្រយោលជាមួយលោកវរសេនីយ៍ឯក វ៉ាន់ ណាក្រូ ក៏ដូចជាអ្នកបានចូលពិនិត្យ និងព្យាបាលជំងឺចាប់ពីរសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ ឲ្យធ្វើចត្តាឡីស័ក និងតាមដានសុខភាពរបស់ខ្លួន។ ក្នុងករណីលេចចេញរោគសញ្ញាក្តៅ ក្អក កណ្តាស់ ឈឺក ហៀរសំបោរ ហត់ ឬពិបាកដកដង្ហើម ប្រញាប់មកយកសំណាកនៅមន្ទីរពេទ្យបង្អែកខេត្ត ដើម្បីរកមេរោគកូវីដ១៩។
ការអំពាវនាវរបស់លោកអភិបាលខេត្ត បានធ្វើឡើងបន្ទាប់ពីលោកវរសេនីយ៍ឯក វ៉ាន់ ណាក្រូ ដែលទើបរកឃើញកើតជំងឺកូវីដ១៩នោះ កាលពីថ្ងៃទី២១ និង២២ ខែមីនា ឆ្នាំ២០២១ បានធ្វើដំណើរទៅកាន់ខេត្តក្រចេះ។ បើតាមលោក វ៉ា ថន ក្នុងដំណើរទៅកាន់ខេត្តក្រចេះនេះ លោក វ៉ាន់ ណាក្រូ បានចូលពិនិត្យជំងឺនៅមន្ទីរសម្រាកព្យាបាល និងសម្ភពព្រាបស ខណៈដែលភរិយារបស់លោកបានចូលក្នុងផ្សារក្រចេះផងដែរ។
ជាជំហ៊ានបឋមដើម្បីទប់ស្កាត់ការរីករាលដាលជំងឺនៅក្នុងខេត្តនេះ លោក វ៉ា ថន បានសម្រេចបិទមន្ទីរសម្រាកព្យាបាល និងសម្ភពព្រាពស ហើយបានចាត់ចែងធ្វើចត្តាឡីស័កក្រុមគ្រូពេទ្យ និងអ្នកជំងឺនៅមន្ទីរសម្រាកព្យាបាលនេះផងដែរ។
លោក វ៉ា ថន ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋឲ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ ជាពិសេសអាជីវករលក់ដូរនៅក្នុងផ្សារក្រចេះ ដោយត្រូវប្រកាន់វិធានការសុខាភិបាល ពាក់ម៉ាស់ រក្សាគម្លាត និងលាងដៃជាមួយអាល់កុល ជែល ឬសាប៊ូ ឲ្យបានញឹកញាប់៕