(ភ្នំពេញ)៖ ប្រជាពលរដ្ឋ និងជាម្ចាស់បន្ទប់ជួលចំនួន៤៦បន្ទប់ រស់នៅភូមិទទឹង ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ បានប្រកាសមិនយកថ្លៃឈ្នួលស្នាក់នៅ (ប្រសិនបើខេត្តពោធិ៍សាត់មានអីកើតឡើង) ដើម្បីជាការចូលរួមជួយសំរាលដល់អភិបាលខេត្តពោធិ៍សាត់ និងរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ នេះបើយោងតាមសាររបស់លោក ហេង វាសនា ដែលជាម្ចាស់បន្ទប់ជួលផ្ញើជូនសម្តេចតេជោ ហ៊ុន សែន តាមរយៈ Messenger នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១។
សាររបស់លោក ហេង វាសនា បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ «ខ្ញុំបាទ ហេង វាសនា និងភរិយា ដែលរស់នៅក្នុងភូមិទទឹង ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ សូមប្រកាសថា បើខេត្តពោធិ៍សាត់យើងទៅមុខទៀត មានបញ្ហាកូវីដអីកើតឡើង ខ្ញុំនឹងមិនយកថ្លៃឈ្នួលជួលបន្ទប់ទាំង៤៦បន្ទប់ រហូតខេត្តយើងដំណើរការជាធម្មតាឡើងវិញ។ ការចូលរួមនេះជាការជួយសំរាលដល់ បងប្អូនយើងដែលកំពុងស្នាក់នៅ និងជួយសំរាលដល់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចពុក Hun Sen នឹងលោកអភិបាល ខេត្តពោធិ៍សាត់ ឯកឧត្តម ម៉ៅ ធនិន ជាទីគោរពនឹងស្រទ្បាញ់ផងដែរ។ សូមឲ្យប្រទេសកម្ពុជាឆ្លងផុតនៅគ្រោះកាចមួយនេះទាំងអស់គ្នាផងចុះ»។
ការប្រកាសមិនទទួលយកថ្លៃឈ្នួលបន្ទប់ខាងលើនេះ ត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ថ្លែងអំណរគុណចំពោះទឹកចិត្ត ហើយគំរូដ៏ល្អនេះផ្តល់ប្រយោជន៍ដល់កម្មករ កម្មការិនី។ សម្តេចតេជោ បានឆ្លើយតបសារតាមរយៈ Messenger ទៅកាន់លោក ហេង វាសនា យ៉ាងដូច្នេះថា «សុំអរគុណ។នេះជាគំរូដ៏ល្អមួយដែលផ្តល់ប្រយោជន៍ដល់កម្មករ-កម្មការិនីយើង»។
បច្ចុប្បន្ននេះកម្ពុជាកំពុងទទួលរងនូវការរីករាលដាលជំងឺកូវីដ១៩យ៉ាងខ្លាំង បានធ្វើឲ្យប៉ះពាល់សេដ្ឋកិច្ច និងការរកស៊ីទទួលទានរបស់ប្រជាពលរដ្ឋ ក៏ដូចជាសេដ្ឋកិច្ចរបស់ប្រទេស ដូច្នេះការប្រកាសរបស់ម្ចាស់បន្ទប់ជួលពីរនាក់ប្តីប្រពន្ធ រស់នៅខេត្តពោធិ៍សាត់ខាងលើនេះ ពិតជាគំរូដ៏ល្អសម្រាប់ជួយសំរាល បន្ទុកកម្មករ-កម្មការិនី ហើយទង្វើប្រពៃបែបនេះទទួលបានការគាំទ្រពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងទទួលបានការសាទរពីប្រជាពលរដ្ឋខ្មែរផងដែរ៕