(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១នេះ បានសម្រេចដាក់ចេញវិធានការបន្ថែម បន្តគ្រប់គ្រងផលប៉ះពាល់លើវិស័យសំខាន់ៗ ដើម្បីស្ដារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ពីវិបត្តិនៃជំងឺកូវីដ១៩ (ជុំទី៨)។
នៅក្នុងវិធានការបន្ថែមនេះ រាជរដ្ឋាភិបាលបន្តណែនាំដល់ក្រសួង-ស្ថាប័នរដ្ឋ និងអំពាវនាវដល់បុគ្គលឯកជន ដែលជាម្ចាស់អគារទីតាំងអាជីវកម្ម និងរោងចក្រ ជួយសម្រួលដល់ភាគីអ្នកជួល ដោយជៀសវាងការបញ្ឈប់កិច្ចសន្យា ឬការបណ្ដេញចេញ ក្នុងករណីដែលភាគីអ្នកជួលមិនមានលទ្ធភាពបង់ថ្លៃសេវាជួល បានទាន់ពេលវេលា។
រាជរដ្ឋាភិបាលក៏សូមលើកទឹកចិត្ត ដល់ភាគីម្ចាស់អគារទីតាំងអាជីវកម្ម និងរោងចក្រ ចរចាជាមួយនឹងភាគីអ្នកជួល លើការពន្យារពេលនៃការបង់ថ្លៃសេវាជួល និងការប្រែប្រួលថ្លៃសេវាជួល ជាយថាហេតុ។
បន្ថែមលើនេះ រាជរដ្ឋាភិបាលក៏សូមអំពាវនាវ ដល់ក្រុមហ៊ុនអភិវឌ្ឍអចលនវត្ថុទាំងអស់ ចូលរួមអនុវត្តតាមស្មារតីនៃសេចក្តីប្រកាសរួមនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងធនាគារជាតិនៃកម្ពុជា ស្តីពីលទ្ធផលកិច្ចប្រជុំស្តីពីបញ្ហាអចលនវត្ថុនៅកម្ពុជា ចុះថ្ងៃទី ២២ ខែ មីនា ឆ្នាំ ២០២១ ។ ក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវអនុវត្តនូវសេចក្ដីណែនាំនេះ ទៅតាមសមត្ថកិច្ចរបស់ខ្លួន ឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត ។
ជាមួយគ្នានេះ រាជរដ្ឋាភិបាល បន្តតាមដានជាប់ជាប្រចាំនូវស្ថានភាពនៃជំងឺកូវីដ-១៩, លើស្ថានភាពសង្គម-សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងក្របខណ្ឌសកល, តំបន់ និងប្រទេស ដើម្បីពិនិត្យ និងវាយតម្លៃពីផលប៉ះពាល់នៃជំងឺកូវីដ-១៩ មកលើវិស័យសំខាន់ៗនៃសេដ្ឋកិច្ចកម្ពុជា ក្នុងទិសដៅធ្វើបច្ចុប្បន្នភាព និងត្រៀមដាក់ចេញនូវវិធានការថ្មីៗបន្ថែមចាំបាច់នានា សំដៅស្ដារ និងជំរុញកំណើនសេដ្ឋកិច្ច ក្រោមក្របខណ្ឌផែនការយុទ្ធសាស្រ្តស្តារសេដ្ឋកិច្ចឡើងវិញ ក្នុងអំឡុង និងក្រោយពីវិបត្តិនៃជំងឺកូវីដ-១៩៕