(កំពង់ស្ពឺ)៖ រដ្ឋបាលខេត្តកំពង់ស្ពឺ បានចេញសេចក្តីជូនដំណឹង ស្តីពីការអនុញ្ញាតឲ្យបើកដំណើរការ បន្ទប់ពិគ្រោះ និងព្យាបាលជំងឺឡើងវិញ ចំនួន៣ទីតាំង។ នេះបើតាមសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១។
សេចក្ដីជូនដំណឹង បានឲ្យដឹងថា បន្ទាប់ពីក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថា មានវិជ្ជមានកូវីដ-១៩ និងក្រុមការងារ នៃមន្ទីរសុខាភិបាលខេត្ត បានធ្វើការតាមដានស្រាវជ្រាវ ដោយយកចិត្តទុកដាក់បំផុត ចំពោះករណីពាក់ព័ន្ធបុរសម្នាក់ ដែលមានវិជ្ជមានកូវីដ-១៩ កំពុងសម្រាកតាមដាន ព្យាបាលនៅមន្ទីរពេទ្យ មិត្តភាពខ្មែរ-សូវៀតរួចមក រដ្ឋបាលខេត្ត សម្រេចអនុញ្ញាតឲ្យបើកដំណើរការបន្ទប់ពិគ្រោះ និងព្យាបាលជំងឺឡើងវិញ ដែលមានទីតាំងដូចខាងក្រោម ៖
* បន្ទប់ពិគ្រោះ និងព្យាបាលជំងឺ ឈុន ប្រុស នៅផ្សារកំពង់ស្ពឺ ភូមិពាណិជ្ជកម្ម សង្កាត់រកាធំ ក្រុងច្បារមន
* បន្ទប់ពិគ្រោះ និងព្យាបាលជំងឺ អ៊ុច សិតត្បូ នៅផ្សារក្រាំងចេក ភូមិគោកសណ្តែក ឃុំក្រាំងចេក ស្រុកឧដុង្គ
* បន្ទប់ពិគ្រោះ និងព្យាបាលជំងឺ លឿង ចិន្តា ស្ថិតនៅភូមិញ សង្កាត់កណ្តោលដុំ ក្រុងច្បារមន។
ទន្ទឹមនេះ ម្ចាស់បន្ទប់ពិគ្រោះ និង ព្យាបាលជំងឺទាំងអស់ ត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួន និងម៉ឺងម៉ាត់បំផុត ដោយតាមវិធានការរបស់ក្រសួងសុខាភិបាល និង អនុវត្តតាមសេចក្តីណែនាំរបស់រដ្ឋបាលខេត្ត ចុះថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ ស្តីពីការយកចិត្តទុកដាក់តាមដាន បុគ្គលសង្ស័យមានជំងឺកូវីដ-១៩ ដែលចូលមករកសេវា ព្យាបាលជំងឺ តាមបណ្តាគ្រឹះស្ថានសុខាភិបាលឯកជនដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ និងបង្កើនការប្រុងប្រយ័ត្ន ឲ្យបានខ្ពស់ជានិច្ច ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ នេះទៅក្នុងសហគមន៍៕