(ភ្នំពេញ)៖ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងអំណរគុណចំពោះទឹកចិត្តដ៏សប្បុរសរបស់ម្ចាស់បន្ទប់ជួលលោក ឈឿន ប៊ុនឆន ដែលបានប្រកាសតាមរយៈ Facebook មិនយកថ្លៃឈ្នួលពីកម្មករ-កម្មការិនីរយៈពេល ៣ខែ (មីនា មេសា ឧសភា) ដើម្បីចូលរួមជួយសម្រាលការលំបាក របស់កម្មករ ក៏ដូចជារាជរដ្ឋាភិបាល នៅក្នុងកាលៈទេសៈនៃវិបត្តិកូវីដ១៩ វាយលុកប្រទេសកម្ពុជា។

ជាមួយនេះផងដែរ សម្តេចតេជោ ហ៊ុន សែន បានសម្តែងនូវក្តីសង្ឃឹមថា នឹងមានបងប្អូនដែលមានផ្ទះជួលផ្សេងទៀតបន្តចូលរួម ដែលនឹងក្លាយជាចលនាជាតិជួយគ្នាក្នុង
គ្រាលំបាកនេះ តាមរយៈការមិនយកថ្លៃឈ្នួលមួយរយៈ។

សារថ្លែងអំណរគុណរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ បានរៀបរាប់តាមរយៈ Comment នៅលើ Facebook របស់លោក ឈឿន ប៊ុនឆន យ៉ាងដូច្នេះថា៖
«សូមអរគុណចំពោះទឹកចិត្តដ៏សប្បុរស ដែលនឹងរួមចំណែកាត់បន្ថយការលំបាករបស់កម្មករ-កម្មការិនីយើង។ ពេលនេះជាងពេលណាៗទាំងអស់ ដែលខ្មែរយើងត្រូវចេះជួយគ្នា។ ខ្ញុំសង្ឃឹមថានឹងមានបងប្អូនដែលមានផ្ទះជួលផ្សេងទៀតបន្តចូលរួម ដែលនឹងក្លាយជាចលនាជាតិជួយគ្នាក្នុង
គ្រាលំបាកនេះ តាមរយៈមិនយកថ្លៃឈ្នួល មួយរយៈពេលឬបន្ធូបន្ថយថ្លៃតាមតិចតាមច្រើនតាមលទ្ធភាពដែលអាចធ្វើទៅបាន។

សូមជំរាបថា កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១កន្លងទៅថ្មីៗនេះលោក ឈឿន ប៊ុនឆន បានប្រកាសតាមរយៈ Facebook ថា «នៅសង្កាត់ស្វាយរលំខ្ញុំមានបន្ទប់ជួល ៦៩ បន្ទប់ភាគច្រើនកម្មកររោងចក្រជួល។ ម្នាក់ៗអួលដើមកគ្រៗប់គ្នា ថ្ងៃនេះខ្ញុំសម្រេចមិនយកថ្លៃឈ្នួល ៣ ខែ (មីនា មេសា ឧសភា) ប៉ុន្តែទឹកភ្លើងជួយខ្លួនឯងទៅ។ គ្រប់យ៉ាងដោយសារទ្រង់ កូវីដ១៩ មកលេង... សង្ឃឹមវានឹងរលាយឆាប់ៗ។ អរគុណស្ថាបនិក ២០ កុម្ភៈ។ បងប្អូនមានបន្ទប់ជួលទាំងឡាយ បើមានអ្វីជួយបានជួយទៅ គ្មានបរទេសណាមកជួយគ្នាយើងក្រៅពីខ្មែរជួយខ្មែរទេ (និយាយតែរឿងបន្ទប់ជួលទេ ហាមប្រៀបធៀបរឿងផ្សេងទាន)៕