(ខេត្តពោធិ៍សាត់)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តាមរយៈលោកឧកញ៉ា ទ្រី ភាព និងលោកជំទាវឧកញ៉ា គៀន ស្រីនាង បានប្រគេនទេយ្យទានជាគ្រឿងឧបភោគ បរិភោគទៅដល់វត្តចំនួន៥ នៅក្នុងស្រុកក្រវ៉ាញ និងស្រុកវាលវែង ខេត្តពោធិ៍សាត់។
ទេយ្យទានទាំងនេះ ត្រូវបានក្រុមការងាររបស់លោកឧកញ៉ា ទ្រី ភាព និងលោកជំទាវឧកញ៉ា គៀន ស្រីនាង យកទៅប្រគេនព្រះសង្ឃទាំង៥វត្ត នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១នេះ។
ក្រុមការងារបានបញ្ជាក់ថា ទេយ្យទានទាំងនេះកើតចេញពីសទ្ធាជ្រះថ្លារបស់លោកឧកញ៉ា និងលោកជំទាវឧកញ៉ា និងដើម្បីចូលរួមជាមួយសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដោះស្រាយការខ្វះខាតរបស់ព្រះសង្ឃតាមទីអារាម ក្នុងពេលពេលប្រទេសជាតិជួបការលំបាកដោយសារការរាតត្បាតជំងឺកូវីដ១៩។
ក្នុងឱកាសនាំទេយ្យទានប្រគេនព្រះសង្ឃតាមទីអារាមនេះ ក្រុមការងារក៏បានរំលឹកពីអនុសាសន៍ណែនាំរបស់សម្តេចតេជោ ដែលបានឱ្យតាមទីអារាមទូងស្គរ វាយរគាំង ដើម្បីជាសាររំលឹកប្រជាពលរដ្ឋចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ក៏ដូចជាការសូត្រធម៌នានា ដើម្បីឱ្យកម្ពុជាបានរួចផុតពីគ្រោះកាចនៃការឆ្លងរាលដាលមេរោគកូវីដ១៩។
ក្រុមការងារក៏បានសំណូមពរព្រះសង្ឃជួយផ្សព្វផ្សាយជូនប្រជាពលរដ្ឋឱ្យចូលរួមអនុវត្តន៍វិធានសុខាភិបាលឱ្យបានម៉ត់ចត់។ ជាពិសេសអនុសាសន៍សម្តេចតេជោ «៣ការពារ និង៣កុំ»
ទេយ្យទានដែលបានយកទៅប្រគេនព្រះសង្ឃក្នុងមួយវត្តៗទទួលបាន៖ អង្ករ ២០០គីឡូក្រាម, មី ២០កេះ, ត្រីខ ១០កេះធំ, ម៉ាស់ ១.២៥០ម៉ាស់, ថ្នាំវីតាមីនសេ ១០ទីប, ទឹកអាល់កុល និងដបលាងដៃ (ដបតូច) ៣០ដប, ទឹកត្រីនិងទឹកស៊ីអ៉ីវ ២០យួរ និងបច្ច័យ ១,០០០,០០០រៀល។
សូមបញ្ជាក់ផងដែរថា ក្រុមការងារនឹងបន្តនាំយកទេយ្យទានទាំងនេះទៅ ប្រគេនព្រះសង្ឃកំពុងជួបការលំបាក ដែលគង់នៅវត្តផ្សេងៗជាបន្តទៀត៕