(ភ្នំពេញ)៖ លោក ហេង សួរ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បានឧបត្ថម្ភប្រាក់ជូនកម្មករ និយោជិតដែលបាត់បង់ការងារ ក្នុងវិស័យកាត់ដេរ និងទេសចរណ៍សរុបប្រមាណជា ២៦លានដុល្លារអាមេរិកហើយ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចឧបត្ថម្ភថវិកាប្រមាណ ៤០ដុល្លារក្នុងមួយខែសម្រាប់កម្មករ និយោជិត ដែលបាត់បង់ការងារម្នាក់ ខណៈនិយោជកតម្រូវឱ្យឧបត្ថម្ភជូនកម្មករ និយោជិតម្នាក់៣០ដុល្លារ។
ការសម្រេចបែបនេះ ដើម្បីជួយសម្រាលការលំបាក និងការចំណាយរបស់កម្មករ និយោជិត ដែលត្រូវបាត់បង់ការងារនោះ។ រាជរដ្ឋាភិបាល បានសម្រេចឧបត្ថម្ភថវិកានេះ តាំងពីខែឧសភា ឆ្នាំ២០២០មកម្ល៉េះ។
លោក ហេង សួរ បានឱ្យដឹងនៅយប់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១នេះដែរថា គិតត្រឹមថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១នេះ រោងចក្រ សហគ្រាស ក្នុងវិស័យកាត់ដេរ និងវិស័យទេសចរណ៍ ដែលកំពុងព្យួរសរុបមានចំនួន ១៥៧រោងចក្រ សហគ្រាស ស្មើនឹងកម្មករនិយោជិតសរុបចំនួន ២៨,៥៩៧នាក់។ ដោយឡែកប្រសិនជាបូកយោង ចាប់ពីខែកុម្ភៈ ឆ្នាំ២០២០មក មានរោងចក្រ សហគ្រាស ក្នុងវិស័យកាត់ដេរ និងវិស័យទេសចរណ៍ ដែលបានព្យួរមានចំនួនសរុប ៧៦៣ រោងចក្រ សហគ្រាស ស្មើនឹងកម្មករនិយោជិតសរុប ៣៨៩,២១៧នាក់។
បើតាមលោក ហេង សួរ រាល់កម្មករ និយោជិត ដែលបាត់បង់ការងារ ដោយមានការអនុញ្ញាតព្យួរកិច្ចសន្យារការងារត្រឹមត្រូវ គឺសុទ្ធតែទទួលបានបានប្រាក់ឧបត្ថម្ភនេះ។ ការបើកប្រាក់ឧបត្ថម្ភនេះ ត្រូវបានធ្វើឡើងតាមធានាគារឯកទេសវីង (Wing)។
រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ ទើបនឹងប្រកាសបន្តបើកប្រាក់ឧបត្ថម្ភជូនដល់កម្មករ និយោជិតក្នុងវិស័យកាត់ដេរ និងទេសចរណ៍នេះ រយៈពេល៣ខែបន្តទៀត គឺចាប់ពីខែមេសា រហូតដល់មិថុនា។
ក្នុងសេចក្តីសម្រេចថ្ងៃនេះ រាជរដ្ឋាភិបាលក៏បានប្រកាសជួយដល់ភាគីនិយោជកក្នុងវិស័យទាំងពីរនេះរយៈពេល៣ខែបន្តទៀតផងដែរ។ ក្នុងនោះរាជរដ្ឋាភិបាល បន្តលើកលែងការបង់ពន្ធប្រចាំខែគ្រប់ប្រភេទ ចំពោះសណ្ឋាគារ, ផ្ទះសំណាក់, ភោជនីយដ្ឋាន និង ក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ ដែលបានចុះបញ្ជីជាមួយអគ្គនាយកដ្ឋានពន្ធដារ និងមានសកម្មភាពអាជីវកម្ម នៅក្នុងរាជធានីភ្នំពេញ, ខេត្តសៀមរាប, ខេត្តព្រះសីហនុ, ខេត្តកែប, ខេត្តកំពត, ក្រុងបាវិត និងក្រុងប៉ោយប៉ែត។
អាជីវកម្មទាំងនេះ នៅតែមានកាតព្វកិច្ចដាក់លិខិតប្រកាសពន្ធអាករ និងប្រើប្រាស់ប្រព័ន្ធអនឡាញ សម្រាប់គ្រប់គ្រងអាករលើតម្លៃបន្ថែម (E-VAT) ជារៀងរាល់ខែ ក្នុងអំឡុងពេលនៃការលើកលែងនេះ។
រាជរដ្ឋាភិបាល បានបន្តលើកលែងការបង់ភាគទានរបបសន្តិសុខសង្គម ផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាព នៃបេឡាជាតិសន្តិសុខសង្គម ក្នុងអំឡុងពេលព្យួរអាជីវកម្ម ឬផ្អាកដំណើរការអាជីវកម្មផងដែរ៕