(ភ្នំពេញ)៖ ប្រធានគណៈកម្មការផ្សារទួលទំពូង លោក ចំរើន សុខលីម នាព្រឹកថ្ងៃ២៩ ខែមីនា ឆ្នាំ២០២១នេះ បានផ្តល់អង្ករ និងម៉ាសមួយចំនួន ជូនដល់អាជីវករ និងកម្មករអនាម័យ ដែលមានជីវភាពខ្វះខាត ក្នុងដំណាក់កាលកូវីដ-១៩ រីករាលដាលនៅក្នុងរាជធានីភ្នំពេញ។
អាជីវករ និងកម្មករអនាម័យដែលមានជីវភាពខ្វះខាតទីទ័លក្រ នៅផ្សារទួលទំពូង ហើយដែលបានមកទទួលអំណោយទាំងនេះ មានចំនួន៣៣នាក់ ក្នុងម្នាក់ទទួលបានអង្ករចំនួន១ប៉ាវ និងម៉ាសចំនួន២០ម៉ាស។
លោក ចំរើន សុខលីម បានលើកឡើងថា អំណោយដែលចែកជូនខាងលើនេះ ជាអំណោយរបស់សម្តេតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន តាមរយៈលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដើម្បីឲ្យគណៈកម្មការផ្សារទួលទំពូង យកមកចែកជូនផ្ទាល់ ដល់បងប្អូនអាជីវករ និងកម្មករអនាម័យ ដែលមានជីវភាពខ្វះខាត និងទីទ័លក្រ។
លោក ចំរើន សុខលីម បានលើកឡើងទៀតថា សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានយកចិត្តទុកដាក់ខ្លាំងណាស់ ចំពោះបងប្អូនប្រជាពលរដ្ឋ ដោយមិនគិតថា ជាបងប្អូននៅភ្នំពេញ ឬនៅតាមបណ្តាលខេត្តនោះទេ។ ជាក់ស្តែងសម្រាប់ពេលនេះ ដោយឃើញបងប្អូនប្រជាពលរដ្ឋ មានការលំបាកក្នុងជីវភាព ខណៈផ្ទុះឡើងនូវការរីករាលដាលជំងឺកូវី-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០នេះ ទើបមានការផ្តល់ជូនពួកគាត់ភ្លាមតែម្តង។
លោក ចំរើន សុខលីម បានបញ្ជាក់ថា នៅផ្សារទួលទំពូងមានជ្រកចេញ ចូលក្នុងផ្សារចំនួន១៦ច្រក ហើយទាំង១៦ច្រកនេះ គណៈកម្មការផ្សារ បានដាក់ អាកុលនិងម៉ាស៊ីនវាស់កំដៅ ព្រមទាំងបំពាក់ប្រព័ន្ធ QR Code ទប់ស្កាត់កូវីដ Stop Covid ចំនួន៤ទៀត ក្នុងមួយច្រក ដើម្បីការពារទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩។
លោកក៏បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ អនុវត្តទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល និងអនុសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន គឺ ៣កុំនិង៣ការពារ ដើម្បីរួមបង្ការ និងទប់ស្កាត់កូវីដ-១៩នេះ ទាំងអស់គ្នា៕