(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានថ្លែងអំណរគុណដល់លោកសាស្រ្តាចារ្យ មហាបរិញ្ញា តេង សឿន និងលោកស្រី សា ធូណាន ដែលបានចុះថ្លៃឈ្នួលជួលទីតាំង៥០ភាគរយ ដល់ក្រុមហ៊ុន RS Residence ដែលមានទីតាំងស្ថិតនៅផ្ទះលេខ៣១៤ មហាវិថីព្រះមុនីវង្ស សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
គួរជម្រាបថា រហូតមកដល់ពេលនេះ ម្ចាស់ទីតាំងជួល, ផ្ទះជួល និងផ្សារមួយចំនួននៅក្នុងរាជធានីភ្នំពេញ បានប្រកាសពីការបញ្ចុះតម្លៃថ្លៃជួលជាបន្ដបន្ទាប់ តាមការអំពាវនាវរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដើម្បីសម្រួលដល់ការលំបាករបស់ប្រជាពលរដ្ឋ គ្រាដែលកំពុងផ្ទុះនូវការរីករាលដាលជំងឺកូវីដ១៩។
សម្ដេចតេជោ ហ៊ុន សែន បានចាត់ទុកកាយវិការទាំងនេះ ជាកាយវិការមនុស្សធម៌ដ៏គំរូ ក្នុងការចូលរួមជួយដល់សង្គមពេលមានវិបត្តិ។ សម្តេចតេជោ ហ៊ុន សែន ក៏បានចេញលិខិតថ្លែងអំណរគុណជាបន្តបន្ទាប់ ចំពោះម្ចាស់ផ្ទះ និងបន្ទប់ជួល ដែលបានស្ម័គ្រចិត្តចែករំលែកការលំបាករបស់ពួកគេជាមួយកម្មករ និយោជិត៕