(ភ្នំពេញ)៖ ដោយសារសង្កេតឃើញថា គ្រឹះស្ថានសិក្សាមួយចំនួនតូច ប្រើប្រាស់ស្លាកសញ្ញាពាណិជ្ជកម្មថ្នាំជក់ តាំងនៅក្នុងកម្មវិធីនានា ក្នុងគ្រឹះស្ថានសិក្សារបស់ខ្លួននោះ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីណែនាំហាមឃាត់កិច្ចសហការ និងសហប្រតិបត្តិការរវាងឧស្សាហករថ្នាំជក់ជាមួយអង្គភាពចំណុះក្រសួង មន្ទីរអប់រំ យុវជន និងកីឡារាជធានី-ខេត្ត ការិយាល័យអប់រំ យុវជន និងកីឡានៃរដ្ឋបាលក្រុង-ស្រុក-ខណ្ឌ គ្រឹះស្ថានសិក្សាគ្រប់កម្រិត ទាំងសាធារណៈ និងឯកជន។
សេចក្ដីណែនាំនេះ ត្រូវបានផ្សព្វផ្សាយរំលឹកជាថ្មីដោយអង្គការចលនាដើម្បីសុខភាពកម្ពុជា នាថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១។ ខ្លឹមសារគោលនៃសេចក្តីណែនាំនេះ គឺហាមមិនឲ្យគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ចាប់ដៃគូសហការជាមួយ ឬទទួលការឧបត្ថម្ភពីឧស្សាហករថ្នាំជក់ ទោះក្នុងគោលបំណងណាក៏ដោយ ដូចជា សកម្មភាពសប្បុរសធម៌ ទស្សនកិច្ចសិក្សាហាត់ការងារ ផ្លាស់ប្តូរបទពិសោធន៍ ឬសិក្សាស្រាវជ្រាវ។ ការផ្តល់ទីកន្លែង ឬទីធ្លាគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនសម្រាប់រៀបចំកម្មវិធីផ្សព្វផ្សាយ ឬពិព័រណ៍ដែលជាកម្មវិធីរបស់ឧស្សហករថ្នាំជក់ ក៏ត្រូវបានហាមឃាត់ដែរ។
សេចក្តីណែនាំនេះ គឺជាផ្នែកមួយនៃការចូលរួមអនុវត្តអនុសញ្ញាស្តីពី ការត្រួតពិនិត្យផលិតផលថ្នាំជក់ផងដែរ។ ក្នុងនោះមាត្រា ៥.៣ នៃអនុសញ្ញាបានចែងថា សុខភាពសាធារណៈ និងឧស្សាហកម្មថ្នាំជក់មានទំនាស់ផលប្រយោជន៍នឹងគ្នាមិនអាចផ្សះផ្សាបាន ដោយសារក្រុមហ៊ុនថ្នាំជក់ផលិត និងផ្សព្វផ្សាយលក់ផលិតផលថ្នាំជក់ ដែលតាមរយៈលក្ខណៈវិទ្យាសាស្រ្តបានរកឃើញថា បង្កឱ្យញៀន ឈឺ ពិការ ស្លាប់ និងបញ្ហាសង្គមផ្សេងៗរួមទាំងភាពក្រីក្រ។
ការចេញសេចក្តីណែនាំនេះ គឺដោយសង្កេតឃើញថា គ្រឹះស្ថានសិក្សាមួយចំនួនតូចមានការភ្លាំងភ្លាត់ ឬយល់ច្រឡំក្នុងការកៀរគរការគាំទ្រពីឧស្សាហករថ្នាំជក់ ដែលបណ្តាលឱ្យមានការប្រើប្រាស់ស្លាកសញ្ញាពាណិជ្ជកម្មតាំងនៅក្នុងកម្មវិធីនានាក្នុងគ្រឹះស្ថានសិក្សារបស់ខ្លួន។ កម្មវិធីទំនួលខុសត្រូវសង្គម (CSR) របស់ឧស្សាហករថ្នាំជក់ ត្រូវបានផ្ដួចផ្ដើមឡើងក្នុងគោលបំណងដើម្បីផ្សព្វផ្សាយផលិតផលថ្នាំជក់របស់ខ្លួន និងជាទម្រង់មួយនៃការស្វែងរកទីផ្សារ។ សេចក្តីណែនាំនេះ គឺជាការចូលរួមរបស់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងការអនុវត្តវិធានការហាមឃាត់ ការផ្សព្វផ្សាយលក់ ការស្វែងរកទីផ្សារលក់ផលិតផលថ្នាំជក់ ដែលត្រូវបានហាមឃាត់ទាំងស្រុងដោយច្បាប់ស្តីពីការត្រួតពិនិត្យផលិតផលថ្នាំជក់។
បន្ថែមលើនេះទៀត តាមរយៈការសិក្សាពីឯកសារផ្ទៃក្នុងរបស់ក្រុមហ៊ុនថ្នាំជក់អន្តរជាតិ ឧស្សាហកម្មថ្នាំជក់ប្រើប្រាស់យុទ្ធសាស្រ្ត ទំនួលខុសត្រូវសង្គមដើម្បីបង្កើតទំនាក់ទំនងជាមួយបុគ្គលដែលមានសិទ្ធសម្រេច បង្កើតឥទ្ធិពលក្នុងការរៀបចំគោលនយោបាយ និងសាងកេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុន។ ក្រុមហ៊ុនថ្នាំជក់ក៏បានប្រើប្រាស់កម្មវិធីជួយសង្គម ដើម្បីបង្កើនទំនុកចិត្តបង្កើនប្រាក់ចំណេញ និងរារាំងការអនុវត្តគោលនយោបាយការពារសុខភាពប្រកបដោយប្រសិទ្ធភាព។
ក្រុមមេធាវី អេស ខេ & ភីកម្ពុជា (SK&P Cambodia Law Group) បានវាយតម្លៃខ្ពស់ទៅលើការខិតខំប្រឹងប្រែងខាងលើរបស់ក្រសួងថា «សេចក្តីណែនាំនេះមានសារៈសំខាន់ណាស់សម្រាប់កម្ពុជា ដែលជារដ្ឋភាគីនៃអនុសញ្ញាស្តីពីការត្រួតពិនិត្យផលិតផលថ្នាំជក់ ដើម្បីបង្ការកុំឱ្យមានការជ្រៀតជ្រែករបស់ឧស្សាហកម្មថ្នាំជក់ទៅក្នុងកិច្ចខិតខំប្រឹងប្រែង លើកកម្ពស់សុខភាពប្រជាពលរដ្ឋកម្ពុជា»។
បើយោងតាមការស្រាវជ្រាវរបស់អង្គការសហប្រជាជាតិ ការប្រើប្រាស់ថ្នាំជក់ជាកត្តាចម្បងមួយនៃការស្លាប់របស់ប្រជាពលរដ្ឋខ្មែរប្រមាណ ១៥,០០០ នាក់ក្នុងមួយឆ្នាំៗ ហើយថវិកាប្រមាណ ៦៤៩ លានដុល្លារ ត្រូវបានខាតបង់៕