(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅរសៀល ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១នេះ បានជួបសន្ទនាតាមទូរស័ព្ទជាមួយ លោក ង្វៀង សួនហ៊្វុក ដែលឡើងកាន់តំណែងប្រធានាធិបតីថ្មីរបស់វៀតណាម។
សេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន បញ្ជាក់ឱ្យដឹងថា ក្នុងជំនួបសន្ទនាតាមទូរស័ព្ទនេះ សម្តេចតេជោ ហ៊ុន សែន បានសម្តែងនូវការអបអរសាទរយ៉ាងកក់ក្តៅបំផុត ចំពោះលោក ង្វៀង សួនហ៊្វុក ដែលត្រូវបានសម័យប្រជុំលើកទី១១ នីតិកាលទី១៤ នៃរដ្ឋសភាវៀតណាម បោះឆ្នោតជ្រើសតាំងជាប្រធានរដ្ឋវៀតណាម។
សម្តេចតេជោ បានបញ្ជាក់ថា៖ «ប្រការនេះ បានបង្ហាញច្បាស់នូវការទុកចិត្ត និងវាយតម្លៃខ្ពស់របស់រដ្ឋសភា និងប្រជាជនវៀតណាមចំពោះសមត្ថភាព ប្រជាប្រិយភាព និងការរួមវិភាគទានដ៏សំខាន់របស់ឯកឧត្តម ង្វៀន សួនហ៊្វុក ក្នុងបុព្វហេតុកសាង និងការពារមាតុភូមិសង្គមនិយមវៀតណាម»។
សម្តេចតេជោ ហ៊ុន សែន ក៏បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលធំៗ ដែលប្រជាជនវៀតណាមសម្រេចបានក្នុងរយៈពេលកន្លងទៅ ក្នុងអាណត្តិរបស់ លោក ង្វៀង សួនហ៊្វុក ជានាយករដ្ឋមន្រ្តី ព្រមទាំងបានសម្តែងនូវការជឿជាក់ថា ក្នុងតួនាទីថ្មីជាប្រធានរដ្ឋ លោក ង្វៀង សួនហ៊្វុក រួមជាមួយនឹងថ្នាក់ដឹកនាំកំពូលរបស់បក្សកុម្មុយនីស្តវៀតណាម ដឹកនាំប្រជាជនវៀតណាមបន្តដណ្តើមបានសមិទ្ធផលធំៗថ្មីៗទៀត ក្នុងបុព្វហេតុផ្លាស់ប្តូរថ្មី កសាង និងការពារមាតុភូមិអនុវត្តដោយជោគជ័យសេចក្តីសម្រេចចិត្តមហាសន្និបាតលើកទី១៣ របស់បក្សកុម្មុយនីស្តវៀតណាមកសាងប្រទេសវៀតណាមក្លាយទៅជាប្រទេសខ្លាំងក្លា ចម្រុងចម្រើននៅពាក់កណ្តាលសតវត្សទី២១។
ជាការឆ្លើយតប ក្នុងជំនួបសន្ទនានេះ លោក ង្វៀង សួងហ៊្វុក បានថ្លែងអំណរគុណយ៉ាងស្មោះស ជូនចំពោះ សម្តេចតេជោ ហ៊ុន សែន ព្រមទាំងបានអះអាងអំពីបំណងបន្តអភិវឌ្ឍទំនាក់ទំនងជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរកម្ពុជា-វៀតណាម និងរួមវិភាគទានក្នុងសន្តិភាព ស្ថិរភាព នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងលើពិភពលោក។
លោកបានសម្តែងនូវការជឿជាក់ថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា នឹងជំនះផលប៉ះពាល់នៃជំងឺកូវីដ១៩ នាពេលឆាប់ៗខាងមុខនេះ និងបន្តសម្រេចបានសមិទ្ធផលយ៉ាងសំខាន់ខាងសេដ្ឋកិច្ច-សង្គមកិច្ច ស្ថិរភាពជីវភាពរស់នៅ។
ជាកិច្ចឆ្លើយតបត្រឡប់ទៅវិញ សម្តេចតេជោ ហ៊ុន សែន ក៏បានសម្តែងនូវជំនឿជឿជាក់ថា ក្នុងតួនាទីថ្មីជាប្រធានរដ្ឋវៀតណាម លោក ង្វៀង សួនហ៊្វុក នឹងបន្តគាំទ្រយ៉ាងខ្លាំងក្លា និងបន្តរួមចំណែកជំរុញការអនុវត្តរាល់កិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរ ដើម្បីរួមគ្នាការពារ និងអភិវឌ្ឍទំនាក់ទំនងសាមគ្គី មិត្តភាព និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរកម្ពុជា-វៀតណាម។
ក្នងឱកាសនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញលោក ង្វៀន សួនហ្វ៊ុក ប្រធានរដ្ឋវៀតណាម មកបំពេញទស្សនកិច្ចនៅកម្ពុជា, លោក ង្វៀន សួនហ្វ៊ុក ប្រធានរដ្ឋវៀតណាម បានអញ្ជើញសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ទៅបំពេញទស្សនកិច្ចនៅវៀតណាមក្នុងពេលវេលាសមស្រប៕
ខាងក្រោមនេះជាការប្រកាសលទ្ធផល នៃជំនួបរវាងសម្តេចតេជោ ហ៊ុន សែន និង លោក ង្វៀង សួនហ៊្វុក៖