(កណ្ដាល)៖ អគារវះកាត់មួយខ្នងកម្ពស់៥ជាន់ និងអគារសម្ភពមួយខ្នងកម្ពស់៤ជាន់ ដែលជំនួយរបស់លោកស្រីឧកញ៉ាកិត្តិបណ្ឌិត សៀង ចាន់ហេង អគ្គនាយិកា ក្រុមហ៊ុនហេងអភិវឌ្ឍន៍ បានប្រគល់ជូនរដ្ឋបាលខេត្តកណ្ដាល ដើម្បីត្រៀមប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩។
នៅក្នុងពីធីប្រគល់-ទទួលដែលបានធ្វើឡើងនៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកស្រីឧកញាកិតិ្តបណ្ឌិត សៀង ចាន់ហេង ដែលមានចិត្តសប្បុរសធម៌ បានសាងសង់នូវអគារវះកាត់ សុភាវី និងអគារសម្ភព សុភាវ័ន្ត ជូនដល់រដ្ឋបាលខេត្តកណ្ដាល នាពេលនេះ។
លោក គង់ សោភ័ណ្ឌ បន្តថា ដោយមានការកើនឡើងអ្នកដែលបានផ្ទុកមេរោគកូវីដ-១៩ នៅក្នុងខេត្តកណ្ដាល និងមានតម្រូវការចាំបាច់នូវអគារសម្រាប់ព្យាបាលអ្នកដែល មានផ្ទុកមេរោគកូវីដ-១៩ និងដើម្បីឆ្លើយតបទៅនឹងចំនួនអ្នកជំងឺកូវីដ-១៩ កំពុងបន្តកើនឡើង ហើយអគារមន្ទីរពេទ្យជ័យជំនះបច្ចុប្បន្ន ពុំមានកន្លែងគ្រប់គ្រាន់សម្រាប់ បន្តដាក់អ្នកជំងឺកូវីដ-១៩ រដ្ឋបាលខេត្តកណ្ដាលគ្រោងយកអគារចំនួន២ គឺអគារវះកាត់ សុភាវី និងអគារសម្ភព សុភាវ័ន្ត កំពុងដំណើរការសាងសង់ជិតបញ្ចប់នេះ សម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ នៅក្នុងខេត្តកណ្ដាល។
លោកស្រីឧកញ៉ាកិតិ្តបណ្ឌិត សៀង ចាន់ហេង បានឱ្យដឹងដែរថា លោកស្រីមានបំណងធ្វើបុណ្យសាងកុសលល្អ ដើម្បីជួយដល់រដ្ឋាភិបាល និងជួយដល់ប្រជាពលរដ្ឋក្រីក្រ មិនគិតនិន្នាការនយោបាយអ្វីឡើយ ពោលគឺស្រលាញ់ប្រជាជនខ្មែរគ្រប់រូប ធ្វើយ៉ាងជួយពួកគាត់តាមលទ្ធភាពដែលខ្លួនអាចជួយបាន។
គួរជម្រាបថា អគារវះកាត់សុភាវី មានទំហំធំ ១៣X៤០ម៉ែត្រ កម្ពស់៥ជាន់ ដំបូលប្រក់ក្បឿង សង់អំពីបេតុងដែក បានសាងសង់សម្រេចបាន ៨៥% ស្មើនឹងថវិកា ៩៥១,៤០៥ដុល្លារ និងអគារសម្ភព សុភាវ័ន្ត មានទំហំធំ ១៣X៣៥ម៉ែត្រ កម្ពស់៤ជាន់ ដំបូលប្រក់ក្បឿង សង់អំពីបេតុងដែក បានសាងសង់សម្រេចបាន ៧០% ស្មើនឹងថវិកា ៥៥៥,០៧២ដុល្លារ៕