(កំពង់ឆ្នាំង)៖ យ៉ាងហោចណាស់ មានមនុស្សចំនួន ៦៣នាក់ បានពាក់ព័ន្ធដោយផ្ទាល់ និងប្រយោលជាមួយឈ្មោះ សោម ឡូ ដែលត្រូវបានប្រកាសថា ឆ្លងជំងឺកូវីដ១៩ កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២១។ នេះបើតាមលោកវេជ្ជបណ្ឌិត គង់ ច័ន្ទធា ប្រធានការិយាល័យបង្ការ និងគ្រប់គ្រងជំងឺ នៃមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់ប្រាប់អង្គភាពព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១នេះ។
ក្រុមការងារ មន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា មនុស្សទាំង ៦៣នាក់នោះ បានពាក់ព័ន្ធជាមួយនឹងអ្នករត់ម៉ូតូកង់បី និងលោកវេជ្ជ បណ្ឌិត ប៉ុល ប៊ូ ម្ចាស់គ្លីនិកព្យាបាលជំងឺទូទៅ ដែលទាំងពីរនាក់ខាងលើនេះ បានប៉ះពាល់ដោយផ្ទាល់ជាមួយ សោម ឡូ។ ក្រុមការងារបន្តថា មកដល់ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១នេះ អ្នកពាក់ព័ន្ធទាំង ៦៣នាក់ បានយកសំណាកទៅធ្វើតេស្តទាំងអស់រួចហើយ តែមិនទាន់ទទួលបានលទ្ធផលនៅឡើយទេ។
ក្រុមការងារមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់ឲ្យដឹងទៀតថា ចំនួននេះមិនទាន់កំណត់បានថា មានអ្នកពាក់ព័ន្ធតែប៉ុណ្ណឹងនោះទេ ដូចនេះក្រុមការងារបានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានប៉ះពាល់ដោយផ្ទាល់ និងប្រយោលក្នុងព្រឹត្តិការណ៍ខាងលើនេះ ទៅជួបក្រុមគ្រូពេទ្យនៅតាមមណ្ឌលសុខភាពក្នុងមូលដ្ឋាន ដើម្បីពិគ្រោះយោបល់ និងយកសំណាកទៅធ្វើតេស្តឲ្យបានទាន់ពេលវេលា ឬដាក់ខ្លួនឲ្យនៅដាច់ដោយឡែក តាមវិធានសុខាភិបាលសិន៕