(ភ្នំពេញ)៖ គិតចាប់ពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ ដល់ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១ មហាជនបានសង្កេតឃើញថា អ្នកឧកញ៉ាវ័យក្មេង ឡេង ណាវ៉ាត្រា បានបរិច្ចាគថវិកាជួយដល់សង្គមជាតិ ជិត១០លានដុល្លារ ខណៈទឹកចិត្តសប្បុរសនេះ គឺត្រូវបានធ្វើឡើងក្នុងពេលដែលសង្គមជាតិជួបការខ្វះខាត ក៏ដូចជាការបង្ហាញនូវឆន្ទៈមួយ ក្នុងការចូលរួមចំណែកជាមួយរដ្ឋាភិបាល។
ខាងក្រោមនេះ គឺជាកាលបរិច្ឆេទ និងចំនួនថវិកាសប្បុរសធម៌ ដែលអ្នកឧកញ៉ា ចិត្តធម៌ វ័យក្មេង និងលោកជំទាវ បានលះបង់ធនធានផ្ទាល់ខ្លួន ចូលរួមជាមួយរដ្ឋាភិបាល និងជួយសង្គមជាតិ៖
ទី១៖ ថ្ងៃទីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និងលោកស្រីបានបរិច្ចាគចំនួន ១លានដុល្លារ តាមរយៈលោក សេង ទៀង ជូនសម្ដេចតេជោ ហ៊ុន សែន ដើម្បីចូលរួមទិញវ៉ាក់សាំង វ៉ាក់សាំងកូវីដ១៩ ចាក់ជូនពលរដ្ឋដោយឥតគិតថ្លៃ។
ទី២៖ ថ្ងៃទី១៣ ខែមីនា ឆ្នាំ ២០២១ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និងលោកស្រីបានបរិច្ចាគជូនសម្ដេចតេជោ ហ៊ុន សែន ចំនួន ៣លានដុល្លារ ដើម្បីទិញវ៉ាក់សាំងកូវីដ១៩ ដើម្បីចាក់ជូនពលរដ្ឋដោយឥតគិតថ្លៃ។
ទី៣៖ ថ្ងៃទី២៥ ខែមីនា ឆ្នាំ ២០២១ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និងលោកស្រី បានបរិច្ចាគថវិកាចំនួន ២០ម៉ឺនដុល្លារថែមទៀត ជូនទៅដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ ហ៊ុន សែន (TYDA) ដើម្បីជាការសងគុណដល់ទ័ពឈុតស ដែលកំពុងតែប្រយុទ្ធប្រឆាំង និងជំងឺកូវីដ-១៩ ។
ទី៤៖ ថ្ងៃ២៧ ខែមីនា ឆ្នាំ ២០២១ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និងលោកស្រី បានបរិច្ចាគថវិកាចំនួន ៣.៥លានដុល្លារ តាមរយៈសម្ដេចតេជោ ដើម្បីទិញមន្ទីរពេទ្យ នគរទេព សម្រាប់ព្យាបាលបងប្អូនកើតជំងឺកូវីត១៩ ។
ទី៥៖ នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និងលោកស្រី ប្រកាសបរិច្ចាគថវិកាចំនួន ១.៤លានដុល្លារ ជូនដល់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដើម្បីចូលរួមក្នុងទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ខួបលើកទី១៥៨។
ទាំងអស់នេះ គឺជាការលះបង់ដ៏ធំធេងមិនអាចកាត់ថ្លៃបាន ក្នុងនាមជា អ្នកឧកញ៉ា អគ្គនាយកក្រុមហ៊ុន បុរី ឡេង ណាវ៉ាត្រា គ្រុប និងជាអគ្គនាយកផលិតកម្ម Galaxy Navatra ដែលទទួលជោគជ័យខ្លាំងក្នុងវិស័យអចលនទ្រព្យ នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
អ្វីដែលសាធារណៈជននៅចាំមិនភ្លេច គឺអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ធ្លាប់បានពោលពាក្យពេចន៍ដ៏ចាក់ដោតថា «ពួកគាត់ មិនដឹងជាត្រូវយកលុយដែលរកបានទាំងអស់នោះ ទៅចាយទៅឯណាទេ បើសិនជាប្រទេសជាតិយើង គ្មានសុខសន្តិភាពដូចសព្វថ្ងៃ។ កើតនៅក្នុងប្រទេសកម្ពុជា ដូច្នេះការចូលរួមចែករំលែកជួយសង្គម ពេលសង្គមត្រូវការ និងរួមសុខ រួមទុក្ខ ជាមួយរាជរដ្ឋាភិបាល គឺជាកាតព្វកិច្ចដ៏ចម្បងរបស់ អ្នកឧកញ៉ា និងក្រុមគ្រួសារ ដែលមិនអាចឱបដៃឈរមើល ដោយមិនខ្វល់ខ្វាយបានឡើយ»៕