(ភ្នំពេញ)៖ លោកស្រី ធាវ ឡេ ឈិង (TEO Lay Cheng) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋសិង្ហបុរីប្រចាំកម្ពុជា បានចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ លោក ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ នៅព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១នេះ នាទីស្ដីការ ក្រសួងមុខងារសាធារណៈ។
នៅក្នុងជំនួបនេះ ទាំងលោកស្រីឯកអគ្គរដ្ឋទូតសិង្ហបុរី និងទាំងលោករដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានវាយតម្លៃខ្ពស់ប្រកបដោយក្ដីសោមនស្សរីករាយ ចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការទ្វេភាគី ក៏ដូចជាកិច្ចសហប្រតិបត្តិការ ក្នុងក្របខណ្ឌអាស៊ានរវាងប្រទេសទាំងពីរ កម្ពុជា និងសិង្ហបុរី។
ភាគីទាំងពីរ បានឯកភាពគ្នា បន្តពង្រឹងកិច្ចសហប្រតិបត្តិការ លើវិស័យមុខងារសាធារណៈ ជាពិសេសលើការអភិវឌ្ឍធនធានមនុស្ស តាមរយៈកិច្ចព្រមព្រៀង ដែលមានស្រាប់រវាងសាលាភូមិន្ទរដ្ឋបាលជាមួយ សាលាមុខងារសាធារណៈសិង្ហបុរី (Civil Service College of Singapore)។
ទន្ទឹមនឹងនោះ ផ្អែកលើសំណូមពររបស់កម្ពុជា លោកស្រីឯកអគ្គរដ្ឋទូតសិង្ហបុរីក៏បានសន្យា នឹង ខិតខំជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីនេះ ឱ្យដល់កម្រិតថ្នាក់ស្ថាប័នរដ្ឋទទួលបន្ទុកវិស័យមុខងារសាធារណៈជាបន្តទៅទៀត សំដៅរួមចំណែកដល់ការពង្រឹងទំនាក់ទំនងមិត្តភាពល្អ ប្រសើររវាងរដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរ កម្ពុជា-សិង្ហបុរី៕