(ភ្នំពេញ)៖ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានប្រកាសបិទបញ្ចប់ការចាក់វ៉ាក់សាំង ជូនមន្រ្តីរាជការ សម្រាប់ការចាក់ដូសទី១ នាថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១។
យុទ្ធនាការរយៈពេល៦ថ្ងៃ នៃការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នេះបានប្រព្រឹត្តទៅដោយល្អ ហើយជាលទ្ធផលចាក់ ជូនមន្ត្រីបានចំនួន ១០៨១ នាក់។
លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច បានថ្លែងអំណរគុណដល់ក្រុមការងារ និង អ្នកពាក់ព័ន្ធទាំងអស់ ដែលបានយកចិត្តទុកដាក់ និង ចូលរួមធ្វើឱ្យដំណើរការ នៃការចាក់វ៉ាក់នាពេលនេះ ទទួលបានលទ្ធផលល្អ។
បើតាមការបញ្ជាក់ពី លោក ជា ចំណាន ប្រធានអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំង ជូនមន្ត្រីក្រសួងសង្គមកិច្ច ថ្លែងប្រាប់អ្នកសារព័ត៌មានថា មន្រ្តីរាជការដែលបានចាក់វ៉ាក់ស៊ីណូវ៉ាក់លើកទី១ហើយ ត្រូវត្រលប់ទៅចាក់ដូសទី ២ ក្នុងចន្លោះ ១៤ ថ្ងៃទៅ ២៨ ថ្ងៃ ហើយចាក់លើកទី ១ នៅកន្លែងណាត្រូវទៅចាក់លើកទី ២ នៅកន្លែងនោះដដែល។
សូមជម្រាបថា រាជរដ្ឋាភិបាល កម្ពុជា មានគោលដៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាជនចំនួន ១០ លាន់នាក់ ពីក្នុងចំណោមចំណោមប្រជាជនសរុបជិត ១៦ លាននាក់។
លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច បានក្រើនរំឭកម្តងហើយម្តងទៀតថា វ៉ាក់សាំង ពិតជាបានរួមចំណែកការពារសុខភាព សុវត្ថិភាពក៏ពិតមែនហើយ ប៉ុន្តែទាំងអ្នកដែលបានចាក់គ្រប់ដូសរួចរាល់ហើយក្តី អ្នកដែលទើបតែចាក់បានដូសទី ១ក្តី និង អ្នកដែលមិនទាន់បានចាក់វ៉ាក់សាំង ពោលគឺនឹងចាក់ជាបន្តបន្ទាប់ក្តី ក៏ត្រូវតែបន្តប្រុងប្រយ័ត្នអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការនានាដែលរាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និង អាជ្ញារធរនានាដាក់ចេញ មានវិធានការ ៣ ការពារ ៣ កុំ និង ២ ចូលរួមជាដើម។
នៅក្នុងឱកាសបោះដែរ លោក វង សូត ក៏បានឧបត្ថម្ភថវិកា ៦ លានរៀល ដល់ក្រុមការងារគ្រូពេទ្យ ១១ នាក់ដែលបានបំពេញការងារ យ៉ាងយកចិត្តទុកដាក់ នៅក្នុងក្រសួងសង្គមកិច្ច រយៈពេល ៦ ថ្ងៃនេះផងដែរ៕