(ភ្នំពេញ)៖ បុគ្គលដែលមិនសហការជាមួយមន្រ្តីសុខាភិបាល ដើម្បីយកវត្ថុសំណាកទៅវិភាគរកមេរោគកូវីដ-១៩ ប្រឈមនឹងការពិន័យអន្តរការណ៍ ចាប់ពី ១លានរៀល ដល់៥លានរៀល។ នេះបើតាមលោក គឹម សន្តិភាព រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១នេះ។
បើតាមលោក គឹម សន្តិភាព ការពិន័យអន្តរការណ៍ខាងលើ គឺទណ្ឌកម្មចំពោះ «ការមិនអនុវត្តកាតព្វកិច្ចសហការ ជាមួយមន្ត្រីសុខាភិបាល ដើម្បីយកវត្ថុសំណាក» ដែលមានចែងក្នុងអនុក្រឹត្យលេខ៣៧ ស្តីពី វិធានការសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត។
លោក គឹម សន្តិភាព បានបញ្ជាក់យ៉ាងដូច្នេះថា៖ «បុគ្គលដែលមិនសហការជាមួយមន្រ្តីសុខាភិបាល ដើម្បីយកវត្ថុសំណាកទៅវិភាគរកមេរោគកូវីដ-១៩ ត្រូវផ្តន្ទាទោសជាពិន័យអន្តរការណ៍ពី ១លានរៀល ទៅ ៥រៀល ហើយការបង់ប្រាក់ពិន័យអន្តរការណ៍នេះ មិនធ្វើឱ្យបុគ្គលដែលប្រព្រឹត្តអំពើល្មើសនេះ រួចផុតពីកាតព្វកិច្ចក្នុងការឱ្យមន្រ្តីសុខាភិបាល យកសំណាកទៅវិភាគរកមេរោគកូវីដ-១៩ នោះទេ»។
សូមជម្រាបថា នៅព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១ម្សិលមិញ មានករណីគ្រួសារលោក ពិន ប៉ូ ដែលជាអ្នកបើកម៉ូតូកង់៣ម្នាក់ រស់នៅភូមិម៉ុងបារាំង សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ដែលបានពាក់ព័ន្ធដោយផ្ទាល់នឹងបុរសមានវិជ្ជមានកូវី១៩ ឈ្មោះ សោម ឡូ មិនសហការជាមួយមន្ត្រីសុខាភិបាល ដើម្បីយកសំណាកទៅធ្វើវិភាគរកមេរោគឡើយ។ ទោះជាយ៉ាងណា នៅល្ងាចថ្ងៃដដែល គ្រួសារខាងលើបានសហការវិញ ក្រោយរងការព្រមានផ្លូវច្បាប់ និងការពន្យល់ពីសមត្ថកិច្ច។
បន្ថែមលើនេះ ខណៈពេលដែលនៅផ្សារអូរឬស្សី មានករណីអ្នកឆ្លងកូវីដ១៩ ត្រូវបានរកឃើញឆ្លងកូវីដជាបន្តបន្ទាប់ បែរជាមានអ្នកពាក់ព័ន្ធជាច្រើន បានគេចវេសមិនព្រមយកសំណាកទៅវិភាគរកមេរោគ។ អាជ្ញាធររាជធានីភ្នំពេញ ក៏បានអំពាវនាវអ្នកពាក់ព័ន្ធទាំងអស់ ទៅយកសំណាកជាបន្ទាន់ ហើយនឹងប្រើផ្លូវច្បាប់បើសិននៅបន្តគេចវេស មិនព្រមទៅយកសំណាក៕