(ភ្នំពេញ)៖ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ បានស្នើប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនរាជធានី-ខេត្ត និងអង្គភាពពាក់ព័ន្ធ សម្រាប់អនុវត្តក្នុងឆ្នាំ២០២១នេះ និងការពង្រឹងឆន្ទៈបន្តចូលរួម អនុវត្តផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៦ របស់រាជរដ្ឋាភិបាល ឱ្យកាន់តែសកម្មផុលផុសប្រកបដោយការយកចិត្តទុកដាក់ និងទទួលខុសត្រូវខ្ពស់។
បើតាមសេចក្តីជម្រាបជូនមកប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនរាជធានី-ខេត្ត និងអង្គភាពពាក់ព័ន្ធ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១នេះ បានឱ្យដឹងថា ដោយសារស្ថានភាពធ្ងន់ធ្ងរ នៃការឆ្លងរាលដាលជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍ «សហគមន៍ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១» ដែលពុំអាចរៀបចំកិច្ចប្រជុំអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងចាត់តាំងប្រារព្ធពិធីសន្និបាត បូកសរុបលទ្ធផលការងារត្រួតពិនិត្យគ្រឿងញៀន ឆ្នាំ២០២០ និងទិសដៅការងារឆ្នាំ២០២១ និងកិច្ចប្រជុំបូកសរុបលទ្ធផលអនុវត្តផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី ៥បាន។
អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ដើម្បីបង្ហាញអំពីមោទនៈភាពចំពោះលទ្ធផលដែលសម្រេចបានក្នុងឆ្នាំ២០២០កន្លងមក ពិសេសដើម្បីកំណត់ទិសដៅ និងផែនការសកម្មភាពរបស់គណៈកម្មាធិការ ត្រួតពិនិត្យគ្រឿងញៀនរាជធានី-ខេត្ត និងអង្គភាពពាក់ព័ន្ធ សម្រាប់អនុវត្តក្នុងឆ្នាំ២០២១នេះ និងការពង្រឹងឆន្ទៈបន្តចូលរួមអនុវត្តផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៦ របស់រាជរដ្ឋាភិបាល ឱ្យកាន់តែសកម្មផុលផុសប្រកបដោយការយកចិត្តទុកដាក់ និងទទួលខុសត្រូវខ្ពស់»។
បន្ថែមពីនេះ អគ្គលេខាធិកដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ស្នើដល់លោក លោកស្រីជាម្ចាស់ការរៀបចំពិធីផ្សព្វផ្សាយ ឱ្យអស់ពីលទ្ធភាពក្នុងដែនសមត្ថកិច្ចរបស់ខ្លួន និងចាត់តាំងអនុវត្តឱ្យបានជាក់ស្តែង ស្របតាមខ្លឹមសាររបាយការណ៍ ស្តីពីលទ្ធផលការងារត្រួតពិនិត្យគ្រឿងញៀនឆ្នាំ២០២០ និងលើកទិសដៅការងារ ឆ្នាំ២០២១ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដោយគោរពប្រតិបត្តិឱ្យបានខ្ជាប់ខ្ជួននូវវិធានការ «៣ការពារ ៣កុំ» របស់ប្រមុខរាជរដ្ឋាភិបាល៕