(ពោធិ៍សាត់)៖ ជនរងគ្រោះជាអ្នកបើកបរកាណូត ឱ្យសមត្ថកិច្ច ពេលកំពុងចុះប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទ និងត្រូវបានក្រុមជនល្មើសបើកកាណូតបំបុកធ្លាក់ទឹករងរបួសធ្ងន់នោះ នាពេលនេះបានស្លាប់បាត់បង់ជីវិតហើយ ពេលបញ្ជូនទៅសង្គ្រោះបន្ទាន់ នៅរាជធានីភ្នំពេញ។
ហេតុការណ៍ករណីប៉ុនប៉ងមនុស្សឃាតខាងលើនេះ បានកើតឡើងនាវេលាម៉ោង ០៩៖៤០នាទីយប់ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ នៅចំណុចកន្លែងអភិរក្សជលផលលើផ្ទៃទឹកបឹងទន្លេសាប ស្ថិតក្នុងភូមិកោះក្អែក ឃុំរាំងទិល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ អំឡុងពេលដែលកម្លាំងសង្កាត់រដ្ឋបាលជលផលកណ្ដៀង បានសហការជាមួយកម្លាំងយោធាខេត្ត និងកម្លាំងនគរបាលស្រុក ចេញល្បាតនៅពេលយប់។
របាយការណ៍របស់កម្លាំងជលផល បានបញ្ជាក់ថា ក្នុងប្រតិបត្តិការល្បាត កម្លាំងបានប្រទះឃើញជនសង្សយ័មួយក្រុម មានកាណូត ០៦គ្រឿង កំពុងលបលួចធ្វើសកម្មភាពនេសាទ ដោយប្រើឧបករណ៍នេសាទអួនអូសទឹកសាប (យ៉ាំងកាវ) និងបានដេញប្រផាប់ប្រភីង តែចាប់មិនបានដោយសារកាណូតរបស់ជនល្មើសមានល្បឿនលឿន រួចបើករត់ចេញទៅដោយបន្សល់ទុកវត្ថុតាងអួនអូសទឹកសាប (យ៉ាំងកាវ) ចំនួន០៣វង់ តែប៉ុណ្ណោះ។
ក្រោយមកកម្លាំងបានឯកភាពគ្នាប្រមូលវត្ថុតាងទាំងនោះ ដើម្បីបន្តនីតិវិធី តែនៅពេលកំពុងប្រមូល ស្រាប់តែជនល្មើសបានបើកកាណូតយ៉ាងលឿន សំដៅបំបុកមកលើកាណូតសមត្ថកិច្ច បណ្តាលឱ្យអ្នកបើកបរកាណូតសមត្ថកិច្ចម្នាក់ឈ្មោះ ឡេង ពេជ្រ ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិរាំងទិល ឃុំរាំងទិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ រងរបួសធ្ងន់ បញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យឯរាជធានីភ្នំពេញ តែជាអកុសលជនរងគ្រោះបានស្លាប់បាត់បង់ជីវិត នាព្រឹកនេះបាត់ទៅហើយ។
បច្ចុប្បន្នសមត្ថកិច្ច បាននឹងកំពុងសហការស្រាវជ្រាវ តាមរកជនសង្ស័យ តាមបញ្ជារបស់ឯកឧត្តម អភិបាលខេត្ត ដើម្បីចាត់ការតាមនីតិវិធី។ ដោយឡែកសាកសពជនរងគ្រោះ ត្រូវបាននឹងកំពុងរៀបចំធ្វើបុណ្យតាមប្រពៃណី ដោយបានការចូលរួមរំលែកទុក ជូនចំពោះក្រុមគ្រួសារនៃសព ពីឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកប្រធានរដ្ឋបាលជលផល ថវិកាចំនួន២លានរៀល និងសាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់ ថវិកាចំនួន២លានរៀល, អង្ករ២០០គីឡូក្រាម និងសម្ភារមួយចំនួនទៀត៕