(ព្រះវិហារ)៖ ប្រតិភូក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដឹកនាំដោយលោកបណ្ឌិត ឈន សុភាព រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១នេះ បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខ សំណេះសំណាល និងនាំយកសម្ភារបរិក្ខា គ្រឿងឧបភោគបរិភោគ ប្រគល់ជូនអង្គភាពវរសេនាតូចអន្តរាគមន៍លេខ៣៩៥ (អតីត៤០១) ចំណុះយោធភូមិភាគទី៤ និងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ១០៥ ដែលជាអង្គភាពសម្ព័ន្ធមេត្រី ស្ថិតនៅភូមិសែនតេជៈ ឃុំមរតក ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
នៅក្នុងឱកាសនោះដែរលោកបណ្ឌិត ឈន សុភាព បានថ្លែងថា ជារៀងរាល់ឆ្នាំលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន តែងតែបានណែនាំដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងសេដ្ឋកិច្ច ចុះសួរសុខទុក្ខ និងលើកទឹកចិត្តដល់កងទ័ព កងនគរបាល ដែលកំពុងឈរជើងតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ដែលជាអង្គភាពចងសម្ព័ន្ធមេត្រីភាព ជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
លោកបណ្ឌិត ឈន សុភាព ក៏បានថ្លែងពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏ដូចជាលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ដែលជានិច្ចជាកាល តែងបានគិតគូរយកចិត្តទុកដាក់ពីសុខទុក្ខ និងការរស់នៅរបស់កងកម្លាំងយើង។
លោកក៏បានថ្លែងនូវការកោតសរសើរ និងសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ ដែលបានបូជាកម្លាំងកាយ កម្លាំងចិត្ត ដើម្បីបុព្វហេតុការពារជាតិមាតុភូមិ ការពារបូរណភាពទឹកដី ដើម្បីសុខសន្តិភាព និងស្ថេរភាពនៅក្នុងប្រទេសរបស់យើង។
លោកបណ្ឌិត ឈន សុភាព ក៏បានថ្លែងចែករំលែកនូវព័ត៌មានសំខាន់ៗ មួយចំនួនពាក់ព័ន្ធនិងការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលបាននឹងកំពុងឆ្លងចូលសហគមន៍ ក្នុងព្រឹត្តិការណ៍ «សហគមន៍ ២០ កុម្ភៈ»។ លោកបានជម្រាបជូនពីវិធានការនានា របស់រាជរដ្ឋាភិបាល ដើម្បីធានា និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ទប់ស្កាត់ផលប៉ះពាល់សេដ្ឋកិច្ច និងសង្គមក៏ដូចជាការពារអាយុជីវិតប្រជាពលរដ្ឋ។
លោកបណ្ឌិតក៏បានថ្លែងណែនាំដល់កងកម្លាំងទាំងអស់ ត្រូវយកចិត្តទុកដាក់ថែទាំសុខភាព ដោយត្រូវប្រកាន់ខ្ជាប់ការរក្សាអនាម័យ តាមរយះការហូបស្អាត ផឹកស្អាត រស់នៅស្អាត និងធ្វើលំហាត់ប្រាណជាប្រចាំ ពិសេសត្រូវអនុវត្តន៍ឱ្យបានទៀងទាត់ តាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ «៣កុំ ៣ការពារ» ដើម្បីការពារកុំឱ្យឆ្លងជំងឺកូវីដ-១៩ បន្ថែមពីនេះ លោកក៏បានចែកជូនសម្ភារ និងថវិកាដល់អង្គភាពសម្ព័ន្ធមេត្រីផងដែរ៕