(ពោធិ៍សាត់)៖ ព្រះតេជគុណឥន្ទត្ថេរោ នៅ សុគន្ធថៃ ហៅលោកតាហួ ព្រះចៅអធិការវត្តហង្សាបិតិ ហៅវត្តព្រែកស្តី និងដោយបានការនិមន្តពីព្រះចៅអធិការវត្តនានា ក្នុងក្រុងពោធិ៍សាត់ នាថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១នេះ បាននាំយកបាយ ម្ហូប ទឹកបរិសុទ្ធ ក្រម៉ា និងថវិកា ដែលទទួលបានមក តាមរយៈការចូលរួមពីព្រះសង្ឃ និងសប្បុរសជននានា ដើម្បីយកមកប្រគល់ និងចែកជូនដល់ក្រុមមន្ត្រីប្រចាំការ នៅតាមមណ្ឌលចត្តាឡីស័ក និងកន្លែងចាក់វ៉ាក់សាំងនានា ក្នុងខេត្តពោធិ៍សាត់។
ពិធីនេះប្រគល់ និងចែកជូនខាងលើនេះ ត្រូវបានធ្វើឡើងចំនួនពីរទីតាំងផ្សេងគ្នា គឺនៅមន្ទីរសុខាភិបាលខេត្ត និងបរិវេណសាលាខេត្តពោធិ៍សាត់ ដោយមានការចូលរួមពី លោកស្រី ឯម ប៉ុណ្ណា តំណាងរាស្ដ្រមណ្ឌលពោធិ៍សាត់, លោក លោកស្រីអភិបាលរងខេត្ត និងមន្ត្រីពាក់ព័ន្ធ នៃមន្ទីរសុខាភិបាលខេត្តផ្សេងទៀត។
ព្រះតេជគុណឥន្ទត្ថេរោ នៅ សុគន្ធថៃ មានសង្ឃដីកាថា រយៈពេលកន្លងមកនេះ ខេត្តរបស់យើង បានរកឃើញករណីកូវីដ១៩ លើកដំបូងចំនួន៤នាក់ មកពីរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ នៅមណ្ឌលចត្តាឡីស័ករលាំង និងប្រម៉ោយ ដែលទាមទាឱ្យមន្ត្រីរាជការ ក៏ដូចជាប្រជាពលរដ្ឋ ចូលរួមទាំងអស់គ្នា ដើម្បីបង្ការ និងទប់ស្កាត់ ការឆ្លងរីករាលដាលនៃមេរោគកូវីដ១៩ កុំឱ្យចូលដល់សហគម។ ព្រះអង្គបានថ្លែងនូវអំណរគុណ និងកោតសរសើរ ដល់ក្រុមគ្រូពេទ្យ អាជ្ញាធរដែនដី យុវជនស្ម័គ្រចិត្ត និងកងកម្លាំងប្រដាប់អាវុធ ដែលប្រចាំការនៅតាមមណ្ឌលចត្តាឡីស័កក្នុងខេត្ត ជាពិសេសកន្លែងចាក់វ៉ាក់សាំង ដែលបានលះបង់ខ្ពស់ ដើម្បីសុខុមាលភាពប្រជាពលរដ្ឋរបស់យើង។
លោកស្រី ឯម ប៉ុណ្ណា តំណាងរាស្ដ្រមណ្ឌលពោធិ៍សាត់ និងលោក ខូយ ឌី ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តពោធិ៍សាត់ បានថ្លែងអំណរព្រះគុណយ៉ាងជ្រាលជ្រៅ ចំពោះព្រះតេជគុណឥន្ទត្ថេរោ នៅ សុគន្ធថៃ ហៅលោកតាហួ ក៏ដូចព្រះសង្ឃ អាចារ្យ គណៈកម្មការវត្តហង្សាបិតិ និងសប្បុរសជន ដែលមានព្រះទ័យយកចិត្តទុកដាក់ខ្ពង់ខ្ពស់ ទៅដល់ស្ថានភាព និងសុខទុក្ខ របស់ក្រុមគ្រូពេទ្យ យុវជន កងកម្លាំងប្រដាប់អាវុធ ដែលប្រចាំការនៅតាមមណ្ឌលចត្តាឡីស័កក្នុងខេត្ត ជាពិសេសកន្លែងចាក់វ៉ាក់សាំង ជូនមន្ត្រីរាជការ អតីតយុទ្ធជន និងប្រជាពលរដ្ឋ ក្នុងក្របខ័ណ្ឌទូទាំងខេត្តនាពេលនេះ៕