(ភ្នំពេញ)៖ លោក អាណាតូលី បូរ៉ូវីក ឯកអគ្គរដ្ឋទូត នៃសហព័ន្ធរុស្ស៉ីប្រចាំនៅកម្ពុជា តាមរយៈវីដេអូឃ្លីបមួយ បានថ្លែងសារអបអរសាទរ និងជូនពរដល់ប្រជាពលរដ្ឋខ្មែរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ។
សារអបអរសាទររបស់ លោក អាណាតូលី បូរ៉ូវីក មានខ្លឹមសារយ៉ាងដូច្នេះថា៖ «មិត្តកម្ពុជា ជាទីរាប់អាន! តាងនាមមន្ត្រីការទូត និងបុគ្គលិក នៃស្ថានទូតរុស្ស៉ី ប្រចាំព្រះរាជាណាចក្រកម្ពុជា និងតាងនាមខ្ញុំផ្ទាល់ ខ្ញុំសូមអបអរសាទរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ»។
លោកថ្លែងថា ទោះបីជាឆ្នាំមុន យើងបានប្រឈមមុខនឹងការរីករាលដាលនៃជំងឺកូវីដ១៩ ក៏ដោយក៏រាជរដ្ឋាភិបាលបានចាត់វិធានការបានទាន់ពេលវេលា ដើម្បីប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ ឲ្យមានប្រសិទ្ធភាពថែមទៀត។ ខ្ញុំជឿជាក់ថា ប្រទេសកម្ពុជានឹងទទួលបានជោគជ័យក្នុងការប្រយុទ្ធប្រឆាំងជំងឺដ៏សាហាវនេះ ហើយនឹងចាប់ផ្តើមស្តារសេដ្ឋកិច្ចឡើងវិញឲ្យបានឆាប់រហ័ស»។
លោកឯកអគ្គរដ្ឋទូតរុស្ស៉ី ដែលអាចនិយាយភាសាខ្មែរយ៉ាងច្បាស់នោះ បានថ្លែងទៀតថា «ជិត១ខែទៀត គឺនៅថ្ងៃទី១៣ ខែឧសភា យើងនឹងប្រារព្ធខួបអនុស្សាវរីយ៍លើកទី៦៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសយើងទាំងពីរ។ ពេលវេលាកន្លងទៅ បានបង្ហាញឲ្យឃើញថា កិច្ចសហប្រតិបត្តិការ និងការយោគយល់គ្នា ជាមូលដ្ឋានដ៏រឹងមាំ នៃជោគជ័យរួមគ្នា។ ប្រទេសរុស្ស៉ី តែងតែជាដៃគូប្រកបដោយទំនុកចិត្ត និងមិត្តដ៏ជិតស្និតរបស់កម្ពុជា»។
លោកបានជូនពរដល់ប្រជាពលរដ្ឋកម្ពុជាទាំងអស់ ឲ្យមានសុខភាពល្អ សុភមង្គលក្នុងគ្រួសារ និងសុខុមាលភាព៕
ខាងក្រោមនេះជាវីដេអូជូនពររបស់អគ្គរដ្ឋទូតរុស្ស៉ី៖