(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២១នេះ ជាថ្ងៃចុងក្រោយនៃយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី១ នៅអគ្គលេខាធិការដ្ឋានរដ្ឋសភា សម្រាប់ថ្នាក់ដឹកនាំ និងមន្ត្រីក្របខ័ណ្ឌ ព្រមទាំងមន្ត្រីជាប់កិច្ចសន្យា នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា ដែលបានចាប់ផ្ដើមដំណើរការចាក់រយៈពេល៧ថ្ងៃ គឺចាប់ពីថ្ងៃទី៣ រហូតដល់ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២១នេះ ទៅតាមគោលការណ៍ស្ម័គ្រចិត្ត ចំនួន១,៣៨០នាក់។
លោក ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា តំណាងឱ្យមន្រ្តីរាជការនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាល ជាពិសេសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានយកចិត្តទុកដាក់ខ្ពស់ចំពោះសុខុមាលភាពរបស់មន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា ដែលបានអនុញ្ញាតឱ្យក្រុមគ្រូពេទ្យអញ្ជើញមកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់មន្ត្រីរាជការទាំងអស់នៅវិមានរដ្ឋសភាផ្ទាល់តែម្ដង។
អគ្គលេខាធិការរដ្ឋសភា បានឱ្យដឹងថា «ចាប់តាំងពីថ្ងៃដំណើរការចាក់វ៉ាក់សាំង តាំងពីថ្ងៃទី៣ រហូតដល់ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២១ ដែលជាថ្ងៃចុងក្រោយនេះ មានក្រុមគ្រួសារថ្នាក់ដឹកនាំរដ្ឋសភា និងមន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា បានស្ម័គ្រចិត្ត មកទទួលការចាក់វ៉ាក់កូវីដ-១៩ សរុបបានចំនួន ១,៣៨០នាក់»។
នាឱកាសនេះដែរ លោក ឡេង ប៉េងឡុង ក៏បានផ្ដាំផ្ញើដល់មន្ត្រីរាជការ នៃអគ្គលេខាធិការដ្ឋានរដ្ឋសភាទាំងអស់ សូមបន្តថែរក្សាសុខភាពឱ្យបានល្អ ទោះបីបានចាក់វ៉ាក់សាំងដូសទី១ ហើយក្ដី ក៏ត្រូវតែបន្តអនុវត្តន៍នូវវិធានការ «៣ការពារ និង៣កុំ» ក៏ដូចជាការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលដោយមិនត្រូវធ្វេសប្រហែសនោះឡើយ។
លោកបានលើកឡើងថា វ៉ាក់សាំងមានសារសំខាន់ណាស់នាពេលបច្ចុប្បន្ននេះ នៅក្នុងការការពារអាយុជីវិតពលរដ្ឋ និងការស្តារសេដ្ឋកិច្ច សង្គមជាតិអោយល្អប្រសើរវិញ នៅក្រោយការរាតត្បាតជំងឺកូវីដ-១៩ នោះ។
រាជរដ្ឋាភិបាលគ្រោងចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋឱ្យបាន ១០លាននាក់ ក្នុងចំណោមប្រជាពលរដ្ឋទាំងអស់ ហើយនៅក្នុងយុទ្ធនាការទ្រង់ទ្រាយធំនេះ សម្តេចតេជោ ហ៊ុន សែន បានណែនាំឱ្យក្រសួងសុខាភិបាលចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋឱ្យបានមួយលានដូស ក្នុងមួយខែ។
ជាថ្មីម្ដងទៀត អគ្គលេខាធិការរដ្ឋសភា ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមគ្រូពេទ្យស្ម័គ្រចិត្ត និងមន្ត្រីពាក់ព័ន្ធទាំងអស់ ដែលបានខិតខំបម្រើការក្នុងការងារចាក់វ៉ាក់សាំងកូវីដ១៩ ដូសទី១ នៅអគ្គលេខាធិការដ្ឋានរដ្ឋសភា ប្រកបដោយការទទួលខុសត្រូវខ្ពស់រហូតបានចប់សព្វគ្រប់ប្រកបដោយជោគជ័យ។ លោកក៏បានជូននូវបណ្ណសរសេីរ និងកាដូអនុស្សាវរីយ៍ ជូនដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តផងដែរ៕
សូមជម្រាបថា សម្រាប់ការចាក់វ៉ាក់សាំងកូវីដ១៩ ដូសទី២ ជូនដល់មន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា គឺក្រសួងសុខាភិបាលនឹងជូនដំណឹងពីពេលវេលា នៅពេលក្រោយ៕