(ភ្នំពេញ)៖ លោក ម៉ុក ដារ៉ា អគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប បានលើកឡើងថា ការចូលរួមសង្កេតការណ៍តាមប្រព័ន្ធអនឡាញ គឺជាការផ្ដល់ឱកាសដល់ គ.ជ.ប កម្ពុជា បានសិក្សាស្វែងយល់ និងសង្កេតមើលពីដំណើរការ នៃការបោះឆ្នោតនៅប្រទេសមួយដែលមានប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានវិទ្យាកម្រិតខ្ពស់ ជាពិសេសក្នុងបរិបទនៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។
នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១នេះ បានឱ្យដឹងថា ការចូលរួមការសង្កេតការណ៍បោះឆ្នោតតាមប្រព័ន្ធអនឡាញនៅប្រទេសឥណ្ឌា ដោយ គ.ជ.ប កម្ពុជា តបតាមលិខិតអញ្ជើញជាផ្លូវការរបស់លោក Umesh Sinha អគ្គលេខាធិការ គ.ជ.ប ឥណ្ឌា។
ក្រោយទទួលបានការអញ្ជើញ លោក ស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប កម្ពុជា បានចាត់តាំងមន្ត្រីជាន់ខ្ពស់ គ.ជ.ប ចំនួន៥រូប ដឹកនាំដោយលោក ម៉ុក ដារ៉ា អគ្គលេខាធិការរង គ.ជ.ប ដើម្បីចូលរួមកម្មវិធីសង្កេតការណ៍បោះឆ្នោត តាមប្រព័ន្ធអនឡាញ សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិករដ្ឋសភាចំនួន៥រដ្ឋ នៃប្រទេសឥណ្ឌា ក្នុងអំឡុងពេលមានវិបត្តិកូវីដ-១៩ ការសង្កេតការណ៍នេះ បានប្រព្រឹត្តទៅរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១។
លោក ម៉ុក ដារ៉ា បានលើកឡើងយ៉ាងដូច្នេះថា៖ «ការចូលរួមសង្កេតការណ៍តាមប្រព័ន្ធអនឡាញ គឺជាការផ្ដល់ឱកាសដល់ គ.ជ.ប កម្ពុជា បានសិក្សា ស្វែងយល់ និងសង្កេតមើលពីដំណើរការនៃការបោះឆ្នោតនៅប្រទេសមួយ ដែលមានប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានវិទ្យាកម្រិតខ្ពស់ ជាពិសេសក្នុងបរិបទនៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ គ.ជ.ប ឥណ្ឌា បានយកចិត្តទុកដាក់ខ្លាំងលើវិធានការទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺនេះ ដែលរួមមានការតម្រង់ជួរដោយរក្សាគម្លាតសុវត្ថិភាពបុគ្គល ការពិនិត្យកម្តៅ ការពាក់ម៉ាស ឬរបាំងមុខ ពាក់ស្រោមដៃ និងបាញ់អាល់កុល សម្រាប់អ្នកបោះឆ្នោត ហើយមន្ត្រីបោះឆ្នោតត្រូវបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ គ្រប់ៗគ្នា»។
ប្រទេសឥណ្ឌាបាន និងកំពុងរៀបចំការបោះឆ្នោតនៅក្នុងរដ្ឋចំនួន៥ គឺរដ្ឋ Assam, រដ្ឋ Kerala, រដ្ឋ Tamil Nadu, រដ្ឋ West Bengal និងដែនដីសហភាព Union Territory of Puducherry។
ចំពោះការបោះឆ្នោតជ្រើសតាំងសមាជិករដ្ឋសភា ឆ្នាំ២០២១ ក្នុងរដ្ឋទាំង៥នេះ លោក ម៉ុក ដារ៉ា បានកត់សម្គាល់អំពីតួលេខសំខាន់ៗ រួមមាន៖
*មណ្ឌលបោះឆ្នោតមានចំនួន ៨២៤មណ្ឌល
*ការិយាល័យបោះឆ្នោត មានចំនួន ១៥៣,៥៣៨ការិយាល័យ
*ប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោតមានចំនួនប្រមាណ ១០៧លាននាក់។
*អ្នកបោះឆ្នោតក្នុងមួយការិយាល័យត្រូវកាត់បន្ថយមកត្រឹម ១,០០០នាក់ ដោយសារត្រូវរក្សាគម្លាតសុវត្ថិភាពបុគ្គល ស្របតាមវិធាnសុខាភិបាល
*អ្នកសង្កេតការណ៍មានចំនួន ៥៦៥នាក់។
កម្មវិធីសង្កេតការណ៍បោះឆ្នោតតាមប្រព័ន្ធអនឡាញនៅប្រទេសឥណ្ឌា ក្រៅពីមានការចូលរួមពីគ.ជ.ប កម្ពុជាក៏មានការចូលរួមសង្កេតការណ៍ពីប្រតិភូចំនួន១១០រូប មកពី២៦ ប្រទេសផ្សេងទៀត ព្រមទាំងមានការចូលរួមពីអង្គការអន្តរជាតិចំនួន ៣ទៀតរួមមាន៖
*អង្គការមូលនិធិអន្តរជាតិសម្រាប់ប្រព័ន្ធបោះឆ្នោត (IFES)
*វិទ្យាស្ថានអន្តរជាតិ ដើម្បីប្រជាធិបតេយ្យ និងជំនួយផ្នែកបោះឆ្នោត (International IDEA)
*សមាគមនៃស្ថាប័នបោះឆ្នោតពិភពលោក (A-WEB) និងការចូលរួមសង្កេតការណ៍ពីអគ្គរដ្ឋទូតនៃប្រទេស Georgia អគ្គរដ្ឋទូតនៃប្រទេស Uzbekistan ឧត្តមស្នងការស្តីទីនៃប្រទេស Sri Lanka និងសមាជិកអង្គទូតផ្សេងៗទៀតផងដែរ។
សូមជម្រាបថា នេះគឺជាលើកទី២ ហើយដែល គ.ជ.ប កម្ពុជាបានចូលរួមសង្កេតការណ៍បោះឆ្នោតតាមប្រព័ន្ធអនឡាញ សម្រាប់ការបោះឆ្នោតនៅប្រទេសឥណ្ឌា។ ការសង្កេតការណ៍លើកទី១ គឺការចូលរួមសង្កេតការណ៍បោះឆ្នោតនៅរដ្ឋប៊ីហារនៃប្រទេសឥណ្ឌា៕