(កណ្តាល)៖ លោក មាស ប៉ាង អគ្គនាយកក្រុមហ៊ុនបំពង់ទីបជ័រ KAP បាននាំយកអង្ករ ៧,៥តោន ថវិកា ៣លានរៀល និងគ្រឿងឧបភោគបរិភោគជាច្រើនផ្សេងទៀត ឧបត្ថម្ភដល់រដ្ឋបាលស្រុកស្អាង ខេត្តកណ្ដាល សម្រាប់ចែកជូនប្រជាពលរដ្ឋក្រីក្រ ចំនួន ១៥០គ្រួសារ ដែលរងគ្រោះដោយសារជំងឺកូវីដ-១៩។
អំណោយទាំងនេះត្រូវបានប្រគល់ជូនរដ្ឋបាលស្រុកស្អាង កាលពីថ្ងៃទី៧ ខែមេសាកន្លងទៅ ហើយត្រូវបានអាជ្ញាធរចាត់ចែងចែកជូនពលរដ្ឋនៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២១នេះ នៅតាមមូលដ្ឋានគោលដៅ ពិសេសដល់ជនក្រីក្រដែលកំពុងរងគ្រោះដោយសារវិបត្តិកូវីដ-១៩នេះ ចំនួន១៥០គ្រួសារ។
លោក មាស ប៉ាង បានថ្លែងថា ដើម្បីចូលរួមជួយចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការគិតគូរសុខទុក្ខប្រជាពលរដ្ឋដែលកំពុងរងគ្រោះខ្វះស្បៀង ដោយសារតែបញ្ហាកូវីដ-១៩ ចំនួន១៥០គ្រួសារ ទើបក្នុងនាមអគ្គនាយកក្រុមហ៊ុនបំពង់ទីបជ័រ KAP គិតគូរនិងនាំយកអំណោយទាំងនេះមកចែកជូនប្រជាពលរដ្ឋនៅភូមិសាស្ត្រស្រុកស្អាង តាមរយៈរដ្ឋបាលស្រុកស្អាង ដើម្បីចែកដល់ពលរដ្ឋដែលកំពុងរងគ្រោះដោយគ្មានប្រកាន់ឡើយ។
លោក មាស ប៉ាង ក៏បានកោតសរសើរដល់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានខិតខំគិតគូរពីសុខទុក្ខប្រជាពលរដ្ឋទូទាំងប្រទេស ដោយគ្មានបានដេកពួនឡើយ ពោលក្នុងនាមជាប្រមុខដឹកនាំលោកបានតស៊ូព្យាយាមទាំងយប់ទាំងថ្ងៃ ធ្វើយ៉ាងណារកសេចក្ដីសុខជូនពលរដ្ឋ ការពារពលរដ្ឋ ខិតខំគ្រប់បែបយ៉ាង ដើម្បីធ្វើឱ្យប្រទេសជាតិមួយនេះ រួចផុតពីជំងឺកូវីដ-១៩។
លោក មាស ប៉ាង ក៏ស្នើរដល់ប្រជាពលរដ្ឋទាំងអស់ មេត្តាការពារខ្លួនឱ្យបានខ្ជាប់ខ្ជួន ពោលគឺអនុត្តន៍តាមអនុសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន «៣កុំ ៣ការពារ» ឱ្យបានល្អ ដើម្បីកំចាត់ចោលនូវមេរោគរាតត្បាតនេះចេញពីប្រទេសកម្ពុជា។
សូមជម្រាបថា អំណោយដែលលោក មាស ប៉ាង ឧបត្ថម្ភរួមមាន៖ អង្ករ៧,៥តោន, ត្រីខ១៥០ឡូ, ទឹកស៊ីអីវ១៥០ឡូ, មីជាតិ ១៥០កេស, ក្រម៉ាចំនួន ១៥០ និងប្រាក់ចំនួន ៣លានរៀល សម្រាប់ចែកជូនប្រជាពលរដ្ឋ១៥០គ្រួសារ ក្នុងមួយគ្រួសារទទួលបាន អង្ករ៥០គីឡូក្រាម, ត្រីខ១ឡូ, ទឹកស៊ីអីវ ១ឡូ, មីជាតិ ១កេស, ក្រម៉ាចំនួន១ និងថវិការចំនួន ២០,០០០រៀលផងដែរ៕