(ភ្នំពេញ)៖ មន្រ្តីយោធាម្នាក់ឈ្មោះ ខៀវ ចាន់សុភក្ត្រា ដែលបានបើកម៉ូតូបុកបារ៉ាស់បិទខ្ទប់ ជេរប្រមាទ និងវាយបង្ករបួសស្នាមមកលើសមត្ថកិច្ច នៅគោលដៅខណ្ឌជ្រោយចង្វារ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញចេញដីកាឃុំខ្លួន និងត្រូវបានសមត្ថកិច្ចបញ្ជូនទៅពន្ធនាគារកាលពីរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១។
សូមបញ្ជាក់ថា បុរសម្នាក់ឈ្មោះ ខៀវ ចាន់សុភក្ត្រា អាយុ៣១ឆ្នាំ ត្រូវបានសមត្ថកិច្ច នៃអធិការខណ្ឌជ្រោយចង្វារ ឃាត់ខ្លួននៅព្រឹកថ្ងៃ២០ ខែមេសា ឆ្នាំ២០២១ ក្រោយបើកបរម៉ូតូបុកបារ៉ាស់បិទខ្ទប់ នៅគោលដៅរង្វង់មូលតាព្រហ្ម ខណ្ឌជ្រោយចង្វារ ដោយបានជេរប្រមាទមើលងាយ និងវាយបង្ករបួសស្នាមមកលើសមត្ថកិច្ចទៀតផង។
តែយ៉ាងណាក៏ដោយមន្រ្តីយោធារូបនេះ ត្រូវបានអង្គភាពរបស់ខ្លួន បានបង្ហាញលិខិតរបស់មន្ទីរពេទ្យកាល់ម៉ែត និងមន្ទីរព្រះកុសុមៈ បង្ហាញថា ឈ្មោះ ខៀវ ចាន់សុភក្រ្ដា ជាមនុស្សមានបញ្ហាខួរក្បាល និងជំងឺផ្លូវចិត្ត ហើយតម្រូវឲ្យលេបថ្នាំជាប់រៀងរាល់ថ្ងៃ។
មូលហេតុដែលបុគ្គលរូបនេះ មានបញ្ហាខួរក្បាល និងជំងឺផ្លូវចិត្ត ដោយសារតែអំឡុងឆ្នាំ២០១៦ បានជួបគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្ដ នៅផ្លូវជាតិលេខ៤៨ ក្នុងខេត្តកោះកុង បណ្ដាលឲ្យស្លាប់គ្រួសារ ប្អូនថ្លៃ២នាក់ និងកូនក្នុងពោះប្រពន្ធ។ ក្រោយមកបុគ្គលរូបនេះ បានលែងលះគ្នាជាមួយប្រពន្ធ ហើយប្រពន្ធក៏មានបញ្ហាសតិដូចគ្នានេះដែរ៕