(បន្ទាយមានជ័យ)៖ យ៉ាងហោចណាស់មានអគារស្នាក់នៅចំនួន ៦កន្លែង និងបុរីដួងច័ន្ទ ក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ត្រូវអាជ្ញាធរបិទខ្ទបបន្ទាប់ពីរកឃើញវិជ្ជមានកូវីដ-១៩ ទៅលើបុរសជនជាតិឥណ្ឌូនេស៊ីម្នាក់ កាលពីយប់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ ការបិទខ្ទប់នេះ គឺធ្វើឡើងដើម្បីការពារការរីករាលដាលនៃជំងឺកូវីដ-១៩។
បុរសជនជាតិឥណ្ឌូនេស៊ីម្នាក់នេះ បានស្នាក់នៅក្នុងបុរីដួងច័ន្ទ ផ្ទះលេខ១៣៤B ស្ថិតនៅក្នុង ភូមិសាមគ្គីមានជ័យ សង្កាត់/ក្រុង ប៉ោយប៉ែត ភ្លាមនោះកម្លាំងសមត្ថកិច្ច ក្រុងប៉ោយប៉ែត ដែលដឹកនាំដោយលោក ង៉ោ ម៉េង ជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យ បានចុះបិទខ្ទប់មិនអនុញ្ញាតឱ្យចេញចូលចំនួន៣ទីតាំងភ្លាមៗទាំងយប់ ដោយទីតាំងទី១៖ នៅក្នុងបុរីដួងច័ន្ទ ដែលជាប្រពន្ធជនជាតិឥណ្ឌូនេស៊ី មានវិជ្ជមានជំងឺកូវីដ-១៩ កំពុងស្នាក់នៅ និងពីរទីតាំងផ្សេងទៀត គឺអគារស្នាក់នៅស្ថិតនៅក្នុងភូមិ-សង្កាត់ ក្រុងប៉ោយប៉ែត ខាងលើមានការសង្ស័យពាក់ព័ន្ធ។
លោក គាត ហ៊ុល អភិបាលក្រុង បានថ្លែងថា «បន្ទាប់ពីទទួលបានព័ត៌មាន ពីក្រុមគ្រូពេទ្យជំនាញ ដែលបានយកសំណាកបុរសជនជាតិឥណ្ឌូនេស៊ី ទៅពិនិត្យជាលទ្ធផលរកឃើញវិជ្ជមានជំងឺឆ្លងកូវីដ-១៩ ភ្លាមៗកម្លាំងសមត្ថកិច្ចបានចុះបិទទីតាំងទាំង៣ខាងលើទាំងយប់ដោយមិនអនុញ្ញាតឱ្យមានការចេញចូលឡើយ ដើម្បីស្វែងរកអ្នកពាក់ព័ន្ធទាំងផ្ទាល់ និងប្រយោលដើម្បីការពារ និងទប់ស្កាត់ការរីករាលដាលក្នុងសហគមន៍ទ្រង់ទ្រាយធំ»។
លោកបញ្ជាក់បន្ថែម «រហូតមកដល់ព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១នេះ មានទីតាំងចំនួន៦កន្លែង ត្រូវបានបិទខ្ទប់ជាបណ្ដោះអាសន្ន»។
លោក ង៉ោ ម៉េងជ្រួន បានបញ្ជាក់ថា ជនជាតិឥណ្ឌូនេស៊ី ដែលរកឃើញវិជ្ជមានកូវីដ-១៩នោះ កំពុងសម្រាកព្យាបាល នៅ មន្ទីរពេទ្យមង្គលបុរី ខេត្តបន្ទាយមានជ័យ ក្រោយពីសាកសួរដើម្បីស្វែងរកអ្នកពាក់ព័ន្ធកម្លាំងសមត្ថកិច្ចបានចុះហ៊ុព័ទ្ធផ្ទះលេខ១៣៤B ក្នុងបុរីដួងច័ន្ធ ដោយសារប្រពន្ធជនជាតិឥណ្ឌូនេស៊ីរូបនេះ កំពុងស្នាក់នៅរួចបន្តបិទបុរីនេះទាំងស្រុង ព្រមទាំងអគារស្នាក់នៅ ២ទីតាំងផ្សេងទៀតផងដែរ៕