(ស្វាយរៀង)៖ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ បានទទួលយកអំណោយពីលោក នួន លីហួន ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត និងលោកស្រី ហេង លីនដា ព្រមទាំងក្រុមគ្រួសារ បានឧបត្ថម្ភនូវសម្ភារមួយចំនួនដូចជា៖ អង្ករចំនួន៨ ០បាវ ក្នុងបាវ ២៥គីឡូក្រាម ស្មើនឹង២,០០០គីឡូក្រាម, មីចំនូន ២៤០កេសតូច, ម៉ាសចំនួន ១៦កេសធំ ស្មើនឹង៤០,០០០ម៉ាស និងអាល់កុលចំនួន៨កាន។
លោកអភិបាលខេត្ត បានបញ្ជាក់ថា ចាប់តាំងពីប្រទេសកម្ពុជា មានវត្តមានជំងឺកូវីដ-១៩ ក៏ដូចជាព្រឹត្តិការណ៍ «សហគមន៍ ២០កុម្ភៈ» និងបិទការឆ្លងកាត់ការធ្វេីដំណេីរពីខេត្តមួយ ទៅខេត្តមួយ នាពេលបច្ចុប្បន្ននេះ រដ្ឋបាលខេត្តស្វាយរៀង បាននឹងកំពុងខិតខំយកចិត្តទុកដាក់ក្នុងការចូលរួមបង្ការទប់ស្កាត់ការឆ្លងរីករាលនៃជំងឺនេះយ៉ាងសកម្ម ជាពិសេសការអនុវត្តនូវសេចក្តីសម្រេចដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
លោក ម៉ែន វិបុល បានបន្តថា ទន្ទឹមនេះកន្លងមករដ្ឋបាលខេត្ត បានបង្កើតនូវគណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ខេត្ត ព្រមទាំងបង្កើតនូវក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថា មានផ្ទុកជំងឺកូវីដ-១៩ ក្នុងខេត្ត ដើម្បីមានវិធានការក្នុងការទប់ស្កាត់ការឆ្លងឱ្យបានទាន់ពេលវេលា។
ឆ្លៀតនៅក្នុងឱកាសនោះដែរ លោកអភិបាលខេត្ត ក៏បានថ្លែងនូវការអរគុណចំពោះលោក នួន លីហួន និងលោកស្រី ព្រមទាំងក្រុមគ្រួសារ ដែលបានចូលរួមបរិច្ចាគនូវអំណោយមួយចំនួនក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នាពេលនេះ ដែលសបញ្ជាក់ឱ្យឃើញពីទឹកចិត្តសប្បុរសធម៌ និងជាវប្បធម៌នៃការចែករំលែកទៅលើការជួយគ្នាក្នុងបរិបទនាពេលបច្ចុប្បន្ន។
លោក ម៉ែន វិបុល ក៏បានបញ្ជាក់ថា អំណោយដែលរដ្ឋបាលខេត្តទទួលបាននៅថ្ងៃនេះ និងយកទៅចាត់ចែងប្រើប្រាស់ឱ្យចំគោលដៅក្នុងសកម្មភាពយុទ្ធនាការផ្សព្វផ្សាយអប់រំ នូវវិធានការបង្ការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩៕