(ភ្នំពេញ)៖ លោក គឹម សន្តិភាព រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុតិ្តធម៌ នៅថ្ងៃទី២៣ ខែមេសានេះ បានចេញមកច្រានចោលការផ្សាយបំភ្លៃថា មានការចែកប័ណ្ណ ដែលអនុញ្ញាតឲ្យទៅផ្សារទិញស្បៀងអាហារបាន ក្នុងតំបន់ក្រហម អំឡុងពេលអនុវត្តវិធានការបិទខ្ទប់ និងរឹតបន្តឹងការធ្វើដំណើរ។

បើតាមមន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌ នៅក្នុងតំបន់ក្រហមមិនអនុញ្ញាតឲ្យមានការទៅផ្សារទិញស្បៀងនោះទេ ហើយការដោះស្រាយស្បៀងដល់មុខផ្ទះ គឺជាតួនាទីរបស់ក្រសួងពាណិជ្ជកម្ម និងអាជ្ញាធរមូលដ្ឋាននីមួយៗ។

លោក គឹម សន្តិភាព បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ក្នុងតំបន់ក្រហម មិនអនុញ្ញាតឲ្យទៅផ្សារទេ ហេតុនេះក៏មិនមានការចែកប័ណ្ណនេះដែរ។ មានតែមូលហេតុសុខភាពបន្ទាន់ យកសំណាក និងចាក់វ៉ាក់សាំងប៉ុណ្ណោះ ដែលអាចអនុញ្ញាតឲ្យចេញពីផ្ទះបាន សម្រាប់តំបន់ក្រហម»

សូមជម្រាបថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ បានបញ្ជាឲ្យអាជ្ញាធរ កំណត់តំបន់ដែលមានការឆ្លងរាលដាលធ្ងន់ធ្ងរ នៃជំងឺកូវីដ-១៩ នៅក្នុងទីតាំងភូមិសាស្ត្រ ដែលត្រូវបានបិទខ្ទប់ជា «តំបន់ក្រហម»។