(ភ្នំពេញ)៖ លោក ជិន ម៉ាលីន អនុប្រធាន និងជាអ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នៅថ្ងៃទី២៣ ខែមេសាឆ្នាំ២០២១នេះ បានឆ្លើយតបទៅកាន់អង្គការអ្នកកាសែតគ្មានព្រំដែន (Reporters Without Borders) ថារបាយការណ៍របស់អង្គការនេះ គឺជារឿងដដែលៗ ហើយទោះបីជាចេញ១០ឆ្នាំទៅមុខទៀតក៏នៅតែដដែលដែរ។

ការចេញមុខឆ្លើយតបនឹងរបាយការណ៍របស់អង្គការអ្នកកាសែតគ្មានព្រំដែន របស់អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានធ្វើឡើងបន្ទាប់ពីអង្គការនេះ បានដាក់ប្រទេសកម្ពុជា ក្នុងចំណាត់ថ្នាក់១៤៤ ក្នុងចំណោមប្រទេស១៨០ សម្រាប់សេរីភាពសារព័ត៌មាន និងការបញ្ចេញមតិ។

លោក ជិន ម៉ាលីន បានឆ្លើយតបយ៉ាងដូច្នេះថា៖ របាយការណ៍របស់អង្គការអ្នកកាសែតគ្មានព្រំដែន (Reporters Without Borders) គឺជារឿងដដែលៗ ហើយទោះបីជាចេញ១០ឆ្នាំទៅមុខទៀតក៏នៅតែដដែលៗដែរ ដោយមានបញ្ហាលើវិធីសាស្រ្តនៃការវាយតម្លៃចំនួន២ ដូចខាងក្រោម៖

ទី១៖ របាយការណ៍នេះ មើលតែមួយជ្រុងនៃការអនុវត្តវិធានការច្បាប់របស់សមត្ថកិច្ចទៅលើបុគ្គលដែលប្រព្រឹត្តល្មើសច្បាប់តែប៉ុណ្ណោះ ពោលគឺឱ្យតែសមត្ថកិច្ចអនុវត្តច្បាប់ទៅលើអ្នកសារព័ត៌មាន គាត់ចាត់ទុកថា អាហ្នឹងគឺជាការរឹតត្បិតសិទ្ធិសេរីភាពសារព័ត៌មាន។

និងទី២៖ របាយការណ៍នេះ ខកខានពុំបានពិនិត្យមើលលើទិដ្ឋភាពមួយជ្រុងទៀតដែលទាក់ទងនឹងវិជ្ជាជីវៈរបស់អ្នកសារព័ត៌មាននោះទេ ជាពិសេសទាក់ទងទៅនឹងការអនុវត្តសិទ្ធិសេរីភាពអ្នកសារព័ត៌មាន ថាតើវាត្រឹមត្រូវទៅតាមក្របខណ្ឌនៃច្បាប់ និងវិជ្ជាជីវៈរបស់ខ្លួនដែរឬក៏អត់? វិធីសាស្រ្តវាយតម្លៃបែបនេះ គឺមិនត្រឹមត្រូវ ហើយមិនគ្រប់ជ្រុងជ្រោយ និងមិនមានលក្ខណៈជាវិទ្យាសាស្រ្ដនោះទេ៕