(កំពង់ស្ពឺ)៖ លោកឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្ដកំពង់ស្ពឺ នៅព្រឹកថៃ្ងទី២៣ ខែមេសា ឆ្នាំ ២០២១នេះ បានបញ្ជាក់ថា កម្លាំងនគរបាល នៃស្នងការដ្ឋានខេត្តកំពង់ស្ពឺ បានចុះបង្ក្រាបករណីលួចដឹកជញ្ជូន មនុស្សចេញពីតំបន់បិទខ្ទប់នៅរាជធានីភ្នំពេញចំនួន២ករណី ដោយឃាត់ខ្លួនជាតិខ្មែរចំនួន ៤នាក់ ដែលជាអ្នកដឹកជញ្ជូនមនុស្ស និងឃាត់ខ្លួនបានជនជាតិបរទេសចំនួន ៣៤នាក់ (ជនជាតិឥណ្ឌូនេស៊ី១៦នាក់ និងជនជាតចិន១៨នាក់)។

លោកឧត្ដមសេនីយ៍ទោ សម សាមួន បានឱ្យដឹងថា សម្រាប់ករណីទី១ គឺកើតឡើងកាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ កម្លាំងនគរបាលរបស់លោក បានឃាត់ខ្លួនជនជាតិឥណ្ឌូនេស៊ីចំនួន១៦នាក់ ក្នុងនោះស្រី៤នាក់ និងជនជាតិខ្មែរចំនួន២នាក់ ដែលជាអ្នកបើកបររថយន្តតាក់ស៊ី ដោយឃាត់បាននៅផ្សារឧដុង្គ ឃុំវាំងចាស់ ស្រុកឧដុង្គ។ ក្រោយការសួរនាំ ពួកគេបានសារភាពថា មានបំណងធ្វើដំណើរទៅកាន់ទីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

បើតាមលោកឧត្តមសេនីយ៍ស្នងការ សម្រាប់ជនជាតិឥណ្ឌូនេស៊ីទាំង១៦នាក់ ត្រូវបានធ្វើការផាកពិន័យម្នាក់ ១លាន២សែនរៀល រួចបញ្ជូនបន្តទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ចាត់ការបន្តទៀត។ ដោយឡែកជនជាតិខ្មែរ ទាំង២នាក់ ដែលជាអ្នកបើករថយន្តតាក់ស៊ី ត្រូវបានបញ្ជូនទៅកាន់តុលាការ និងត្រូវបានឃុំខ្លួនដាក់ពន្ធនាគារហើយ។

លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ទៀតថា សម្រាប់ករណីទី២ គឺកើតឡើងកាលពីព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ កម្លាំងនគរបាលរបស់លោកបន្តបង្ក្រាបការដឹកជញ្ជូនជនជាតិចិនចំនួន១៨នាក់ នៅផ្សារឧដុង្គដដែល ខណៈកំពុងធ្វើដំណើរទៅខេត្តបាត់ដំបង ហើយក៏ឃាត់ខ្លួនជនជាតិខ្មែរចំនួន២នាក់ផងដែរ។

សម្រាប់ករណីទី២នេះ លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ជូនថា ការអនុវត្តដូចនឹងទៅនឹងករណីជនជាតិឥណ្ឌូនេស៊ីយ៉ាងដូច្នេះដែរ ដោយធ្វើការផាកពិន័យម្នាក់ៗ ១លាន២សែន រួចបញ្ជូនទៅកាន់អគ្គនាយកដ្ឋានអន្តោ ប្រវេសន៍ចាត់ការបន្តទៀត ខណៈបុរសជនជាតិខ្មែរទាំង២នាក់ ត្រូវបានបញ្ជូនទៅកាន់តុលាការចាត់ការបន្ត៕