(កណ្ដាល)៖ អំណោយរបស់នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល ត្រូវបានលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ដ ស្នងការនគរបាលខេត្តកណ្ដាល យកទៅប្រគល់ជូនកងកម្លាំងដែលប្រចាំការការពារគោលដៅបិទខ្ទប់ នៅស្រុកអង្គស្នួល។

ក្នុងពិធីនៅរសៀលថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត បានផ្ដាំផ្ញើការសួរសុខទុក្ខពីសំណាក់ អភិបាលខេត្តកណ្ដាល និងនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន ដែលជានិច្ចកាលតែងតែបារម្ភគិតគូរពីសុខទុក្ខរបស់កងកម្លាំងទាំងឡាយ ដែលបានដាក់ដាក់កាយបម្រើជាតិ ពិសេសធ្វើការងារខ្លាំក្លានាអំឡុងកូវីដកំពុងវាយលុកស្រុកអង្គស្នួល។

លោកស្នងការបន្តថា ទោះយ៉ាងណាក្នុងនាមកងកម្លាំង ត្រូវមានគោលជំហរឲ្យរឹងមាំប្ដេជ្ញាធ្វើការ និងទប់ស្កាត់ជំងឺកូវីដនេះឲ្យបានល្អបំផុត និងចូលរួមផ្សព្វផ្សាយជាប្រចាំនៅតាមមូលដ្ឋានខ្លួន ឲ្យពលរដ្ឋមានការប្រុងប្រយ័ត្ន និងរួមគ្នាកម្ចាត់ជំងឺកូវីដ-១៩ ឲ្យអស់ចេញពីប្រទេសយើង តាមរយ:ការអនុវត្តន៍តាមវិធានការរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល។

សូមជម្រាបថា អំណោយដែលផ្ដល់ជូនកងកម្លាំងរួមមាន៖

* អធិការដ្ឋាននគរបាលស្រុកអង្គស្នួល ទទួលបាន៖ អង្ករ២៥០គីឡូក្រាម, ម៉ាស១កេស, អាល់កុល ១កាន, ត្រីខ ២កេស, មីជាតិ ២០កេសតូច និងទឹកសុទ្ធ២០កេស

*កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកអង្គស្នួល ចំនួន១១២នាក់ ក្នុងម្នាក់ៗទទួលបាន៖ អង្ករ២៥គីឡូក្រាម, មី១កេសតូច, ត្រីខ១យួរ, ម៉ាស១ដុំតូច

* មណ្ឌលចត្តាឡីស័ក ០៥គោលដៅ ក្នុង១គោលដៅទទួលបាន៖ មីកំប៉ុង ១កេសធំ, ម៉ាស ១០ដុំ, ទឹកសុទ្ធ ៥កេស, ទឹកក្រូច ២កេស, ទឹកអូអ៉ីឈិ១កេស

*គោលដៅបិទខ្ទប់ទាំង៨ ក្នុង១គោលដៅទទួលបាន៖ មីកំប៉ុង កន្លះកេសធំ, ម៉ាស ៥ដុំ, ទឹកសុទ្ធ ៥កេស, ទឹកក្រូច ២កេស និងទឹកអូអ៉ីឈិ១កេស៕