(ភ្នំពេញ)៖ អ្នកជំងឺកូវីដ១៩ម្នាក់ ដែលមានលេខសម្គាល់ «F1-36-07» នៅមន្ទីរពេទ្យ «ហ្លួងម៉ែ» បានបន្សល់នូវសំណេរតាមរយៈក្រដាសកាតុង ទុកនៅលើគ្រែដេករបស់ខ្លួន រៀបរាប់នូវការអរគុណចំពោះក្រុមគ្រូពេទ្យ ដែលបានមើលថែ និងព្យាបាលខ្លួន។
សំណេរលើក្រដាសកាតុង ដែលបង្ហោះដោយលោក ហ៊ុន ម៉ាណែត មេបញ្ជាការកងទ័ពជើងគោក លើបណ្តាញសង្គមហ្វេសប៊ុកនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១នេះ អ្នកជំងឺមានលេខសម្គាល់ «F1-36-07» បានរៀបរាប់នូវការដឹង និងអរគុណក្រុមគ្រូពេទ្យយ៉ាងដូច្នេះ «ខ្ញុំសូមអរគុណដល់លោកគ្រូពេទ្យ អ្នកគ្រូពេទ្យទាំងអស់នៅមន្ទីរពេទ្យហ្លួងម៉ែ ដែលបានលះបង់កម្លាំងកាយចិត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ហើយខ្ញុំក៏សូមអរគុណដល់លោកគ្រូ អ្នកគ្រូទាំងអស់ ដែលបានមើលថែអ្នកជំងឺដោយយកចិត្តទុកដាក់បំផុតរហូតដល់អ្នកជំងឺបានជាសះស្បើយ អរគុណធំៗ»។
ក្រុមគ្រូពេទ្យមើលថែ និងព្យាបាលអ្នកជំងឺកូវីដ១៩ គឺជាយុទ្ធជនជួរមុខលើសមរភូមិកូវីដ១៩។ ដើម្បីដណ្តើមជីវិតអ្នកជំងឺពីការរាតត្បាតជំងឺឆ្លងកាចសាហាវនេះ ក្រុមគ្រូពេទ្យសុខចិត្តលះបង់សេចក្តីសុខរបស់ខ្លួន ការជួបជុំគ្រួសារ និងមិនអល់អែកឡើយចំពោះភាពប្រឈមនៃការឆ្លងជំងឺ។
បេសកកម្មរបស់ក្រុមគ្រូពេទ្យលើសមរភូមិកូវីដ១៩ គឺជាបេសកកម្មដ៏វិសេសវិសាលបំផុត ព្រោះជាបេសកកម្ម ដែលបានដណ្តើមអាយុជីវិតរបស់អ្នកជំងឺពីមច្ចុរាជកូវីដ១៩។ ការលះបង់របស់ក្រុមគ្រូពេទ្យលើសមរភូមិកូវីដ១៩ គឺជាវីរភាពមួយ ដែលទទួលបានការកោតសរសើរ និងស្ញប់ស្ញែងជាខ្លាំងពីអ្នកជំងឺ។
កន្លងទៅគេធ្លាប់បានឃើញអ្នកជំងឺកូវីដ១៩មួយចំនួន ពេលព្យាបាលជា ហើយត្រឡប់ទៅផ្ទះវិញ បានលុងជង្គង់សម្តែងការដឹងគុណ និងអរគុណចំពោះក្រុមគ្រូពេទ្យ។ កាយវិការទាំងនេះ បានបង្ហាញឱ្យឃើញនូវកាយវិការប្រកបដោយសីលធម៌ និងសុជីវធម៌ល្អរបស់ខ្មែរពីដើមមក គឺតែងតែដឹងគុណ និងតបគុណចំពោះជនទាំងឡាយ ដែលបានធ្វើគុណ និងសេចក្តីល្អចំពោះពួកគេ៕