(ភ្នំពេញ)៖ លោកឧកញ៉ា លាង ហួង (ហេនរី) អគ្គនាយកក្រុមហ៊ុន ជីប ម៉ុង លែន និងសមាជិកក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីប ម៉ុង បានគូសបញ្ជាក់ថា បើទោះបីក្នុងវិបត្ដិកូវីដ-១៩ យ៉ាងណាក្ដី រាល់គម្រោងរបស់ក្រុមហ៊ុន ជីប ម៉ុង លែន ទាំងអស់នៅតែដំណើរការដោយរលូន និងឆាប់រហ័ស។
ការគូសបញ្ជាក់បែបនេះ របស់លោកឧកញ៉ា លាង ហួង ធ្វើឡើងក្នុងសន្និសីទព័ត៌មាន ស្ដីពី «កម្ចីទិញផ្ទះរហូតដល់៩៥%» ពិសេសមិនធ្លាប់មាន ពីធនាគារ ជីប ម៉ុង សម្រាប់លំនៅឋាន ជីប ម៉ុង លែន។ ពិធីនេះ ធ្វើឡើងនៅក្នុងសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ នារសៀលថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១នេះ។
ថ្លែងក្នុងសន្និសីទព័ត៌មាន លោកឧកញ៉ា លាង ហួង បានបញ្ជាក់យ៉ាងដូច្នេះថា «ជីប ម៉ុង លែន ប្ដេជ្ញាចិត្ដខ្ពស់ រាល់គម្រោងរបស់ក្រុមហ៊ុនទាំងអស់ នៅតែដំណើរការដោយរលូត និងឆាប់រហ័ស»។
លោកឧកញ៉ា លាង ហួង បានឲ្យដឹងថា បើយើងក្រលេកមើល ក្នុងកំឡុងកូវីដ-១៩ ដែលជាងមួយឆ្នាំនេះ ប្រទេសជាច្រើន មិនថាប្រទេសកម្ពុជា គឺនៅជុំវិញពិភពលោក សុទ្ធសឹងតែប៉ះពាល់ ដល់សេដ្ឋកិច្ចរៀងៗខ្លួន។
លោកឧកញ៉ា លាង ហួង បានថ្លែងទៀតថា «ខ្ញុំជឿថា នៅដើមឆ្នាំ២០២១នេះ ក្រុមហ៊ុន ជីប ម៉ុង លែន បានបើកគម្រោង ៦A មានការជោគជ័យខ្លាំង ហើយក្រុមហ៊ុនកំពុងសាងសង់ រាល់គម្រោងរបស់ក្រុមហ៊ុនទាំងអស់ ក្រុមហ៊ុនប្ដេជ្ញាចិត្ដ នឹងប្រគល់ជូនអតិថិជនទាល់ពេលវេលា»។
សូមជម្រាបថា សន្និសីទព័ត៌មាននេះ ក្រុមហ៊ុន ជីប ម៉ុង លែន និងធនាគារ ជីប ម៉ុង បានសហការគ្នាផ្តល់កម្ចីទិញផ្ទះនៅ ជីប ម៉ុង លែន រហូតដល់៩៥% ដែលជាកម្ចីដ៏ច្រើនបំផុត ពុំធ្លាប់មាន ដើម្បីចូលរួមជួយអតិថិជនសម្រេចក្តីស្រមៃ ចង់បានលំនៅឋាននៅ ជីប ម៉ុង លែន។
បើតាមលោក John Bell អគ្គនាយកធនាគារ ជីប ម៉ុង បានបញ្ជាក់ថា រហូតមកទល់ពេលបច្ចុប្បន្ន ធនាគារ ជីប ម៉ុង មានទ្រព្យសកម្មសរុបប្រមាណជាង ៦០០លានដុល្លារអាមេរិក ដែលក្នុងនោះ ឥណទានសរុបរបស់ធនាគារ ជីប ម៉ុង គឺកើនឡើងច្រើនជាង៣០០លានដុល្លារអាមេរិក។
លោក John Bell បានឲ្យដឹងថា ធនាគារ ជីប ម៉ុង ក៏ទទួលបានជោគជ័យ លើការទទួលប្រាក់បញ្ញើផងដែរ ដោយធនាគារ ជីប ម៉ុង ទទួលបានប្រាក់បញ្ញើ ពីអតិថិជនរហូតដល់ជាង៥០០លានដុល្លារអាមេរិក។
លោក John Bell បានគូសបញ្ជាក់ទៀតថា ទាំងអស់នេះហើយ គឺជាចំណុចខ្លាំងរបស់ ធនាគារ ជីប ម៉ុង ដែលធ្វើឲ្យធនាគារ ជីប ម៉ុង នៅតែបន្តផ្តល់កម្ចីដល់អតិថិជន បើទោះបី ក្នុងអំឡុងពេលរាតត្បាត នៃជំងឺកូវីដ-១៩ ក៏ដោយ៕