(ភ្នំពេញ)៖ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានស្នើសុំទៅអភិបាលរាជធានី-ខេត្តទាំងអស់ ត្រូវបញ្ឈប់ជាបន្ទាន់ និងត្រូវធ្វើមោឃភាពចោលរាល់ការចុះហត្ថលេខា ឬការបញ្ជាក់ការកាន់កាប់ដីក្នុងតំបន់ការពារ ធនធានធម្មជាតិ រួមទាំងតំបន់របៀងអភិរក្សជីវចម្រុះទាំងអស់។
បើតាមលិខិតរបស់ក្រសួងបរិស្ថាន ចុះថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១នេះ បានលើកឡើងថា ពេលថ្មីៗនេះ ក្រសួងបានរកឃើញរដ្ឋបាល ឃុំ-សង្កាត់មួយចំនួននៅតែបន្តចុះហត្ថលេខាបញ្ជាក់ការទទួលស្គាល់នៅលើលិខិត ផ្ទេរ សិទ្ធិ ពាក្យស្នើសុំកាន់កាប់និងការប្រើប្រាស់ដីធ្លី លិខិតទិញលក់ដីរដ្ឋដើម្បីធ្វើជាកម្មសិទ្ធិ ស្ថិតក្នុងតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវចម្រុះទាំងខុសច្បាប់។
ក្នុងលិខិតដដែលបានបន្តថា ដើម្បីទប់ស្កាត់និងបដិសេធចោលនូវអនុភាពនានាលើឯកសារទាំងនោះ អភិបាលរាជធានី-ខេត្តទាំងអស់ត្រូវចាត់វិធានការ ដោយបដិសេធនិងមោឃភាពចោលរាល់លិខិត ឬឯកសារទាំងឡាយដែលមានការពាក់ព័ន្ធនឹងការកាន់កាប់និងការផ្ទេរសិទ្ធិទាំងឡាយណានៅលើដីធ្លីស្ថិតក្នុងតំបន់ការពារធម្មជាតិ។
បន្ថែមនៅលើលិខិតនេះ លោក នេត្រ ភក្ត្រា បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១នេះ យ៉ាងដូច្នេះថា៖ «គ្មានជនណាម្នាក់មានសិទ្ធិកាន់កាប់ដីធ្លី ទិញ ឬលក់ដូរដីធ្លីនៅក្នុងតំបន់ការពារធម្មជាតិបានទេ។ ក្រសួងបរិស្ថានសូមស្នើសុំបងប្អូនប្រជាពលរដ្ឋដែលមិនបានយល់ដឹងច្បាស់ពីច្បាប់ សូមឈប់ចាញ់បោកជនខិលខូចបន្តទៀត និងសូមបញ្ឈប់ជាបន្ទាន់នូវសកម្មភាព ខុសច្បាប់ជាអាទិ៍ ការឈូសឆាយ កាប់ឆ្ការ ដុត រុករាន ទន្ទ្រានដីព្រៃ ការសាងសង់ខ្ទមឬរោង ការដាំដុះដំណាំ និងការអាស្រ័យលើលើដីរបស់រដ្ឋនៅក្នុង តំបន់ការពារធម្មជាតិ»។
លោក នេត្រ ភក្ត្រា បានបញ្ជាក់ថា ត្រូវបញ្ឈប់ជាបន្ទាន់នូវរាល់ការទិញលក់ដីរដ្ឋ និងការបញ្ជាក់ការទិញលក់ដីរដ្ឋដោយខុសច្បាប់នៅក្នុងតំបន់ការពារធម្មជាតិហើយត្រូវរុះរើសំណង់គ្រប់ប្រភេទដោយខ្លួនឯង និងប្រគល់ទីតាំងដីទាំងនោះ ដោយឥតលក្ខខណ្ឌមកជូនក្រសួងបរិស្ថានគ្រប់គ្រងវិញ បើពុំនោះទេគឺនឹងត្រូវប្រឈមមុខនឹងវិធានការច្បាប់។ ក្រសួងបរិស្ថានបដិសេធនូវរាល់ឯកសារពាក់ព័ន្ធនឹងការកាន់កាប់ដីដោយខុសច្បាប់គ្រប់ប្រភេទដូចជា ការទន្ទ្រានកាន់កាប់ ការផ្ទេរ ការទិញលក់ដីដោយខុសច្បាប់នៅក្នុងតំបន់ការពារធម្មជាតិ។
មន្ត្រីអ្នកនាំពាក្យក្រសួងបរិស្ថានរូបនេះ បានគូសបញ្ជាក់បន្ថែមថា៖ «ក្រុមជនល្មើសទាំងនេះបានប្រើប្រាស់វិធីសាស្ត្រ និងល្បិចកល ជារូបភាពផ្សេងៗគ្នាដើម្បីរុករានទន្ទ្រានកាន់កាប់ដីព្រៃរដ្ឋដោយខុសច្បាប់ក្នុងតំបន់ការពារធម្មជាតិ ដើម្បីបន្លំថាក្រុមខ្លួនបានរស់នៅ និងអាស្រ័យផលលើដីនោះជាយូរឆ្នាំមកហើយ។ នៅពេលខ្លះ ក្រុមជនខិលខូចមួយចំនួនបានប្រើប្រាស់ និងបោកបញ្ឆោតប្រជាពលរដ្ឋស្លូតត្រង់មួយចំនួនឱ្យចូលរុករាន កាប់ឆ្ការ ទន្ទ្រានកាន់កាប់ដីព្រៃរដ្ឋដោយខុសច្បាប់ និងលក់ក្នុងតម្លៃថោកៗ ឱ្យខ្លួនដោយប្រើប្រាស់វិធីសាស្ត្រមួយចំនួន ដើម្បីទន្ទ្រានកាន់កាប់ដីធ្លីក្នុងនោះរួម មានការដាំដំណាំផ្សេងដែលងាយនឹងលូតលាស់ដូចជាដើមចេក ដើមស្វាយចន្ធី និងដំណាំហូបផ្លែផ្សេងទៀត ហើយមួយចំនួនទៀត បានប្រើប្រាស់វិធីសាស្ត្រគ្រៀវដើមឈើផង និងដាំដំណាំយុទ្ធសាស្ត្រផ្សេងៗផង។ នេះទង្វើខុសច្បាប់ ហើយជនដែលពាក់ព័ន្ធនឹងទង្វើនេះត្រូវប្រឈមមុខនឹងច្បាប់ជាដាច់ខាត»។
លោក នេត្រ ភក្ត្រា បានឱ្យដឹងថា នៅរៀងរាល់ថ្ងៃមន្ត្រីក្រសួងបរិស្ថាន ជាពិសេសមន្ត្រីឧទ្យានុរក្សទាំង ១២៦០នាក់ ដែលមានតួនាទីជាមន្ត្រីនគរបាលយុត្តិធម៌ និងជាឆ្មាំការពារធម្មជាតិ នៅលើផ្ទៃដីអភិរក្សសរុបប្រមាណជាង ៧,៣លានហិកតា បានកំពុងបង្កើនសកម្មភាពចុះល្បាតរបស់ខ្លួន ដើម្បីទប់ស្កាត់ការរុនរានទន្ទ្រានកាន់កាប់ដីធ្លីដោយខុសច្បាប់ ខណៈរដូវវស្សាបានចាប់ផ្តើម ក្រុមជនខិលខូច បានប្រើវិធីសាស្ត្រកាប់ឆ្ការដីព្រៃ និងដាំដំណាំ ដើម្បីបញ្ជាក់ថាពួកគេកាន់កាប់ជាយូរឆ្នាំមកហើយ ក៏ដូចជាបទល្មើសព្រៃឈើ ការបរបាញ់សត្វខុសច្បាប់ និងជាពិសេសទប់ស្កាត់ការកាប់ឆ្ការ និងរុករានដីព្រៃខុសច្បាប់ និងដាំដំណាំយុទ្ធសាស្ត្រផ្សេងៗដើម្បីទន្ទ្រានកាប់កាប់ដី៕