(កំពត)៖ លោក ជាវ តាយ សមាជិកគណៈកម្មាធិការកណ្ដាល និងជាប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកំពត បានសម្រេចតភ្ជាប់បណ្ដាញអគ្គិសនី ប្រវែងជាង១០០០ម៉ែត្រ នៅភូមិកំរ៉ែងក្រសាំង និងកសាងផ្លូវលំមួយខ្សែ ប្រវែង១,៣០០ម៉ែត្រ នៅភូមិព្រៃឃ្មុំ ឃុំខ្ជាយខាងជើង ស្រុកដងទង់ ខេត្តកំពត តាមសំណូមពរ និងតាមការឆ្លើយតបរបស់ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាន។
ការសម្រេចរបស់លោក ជាវ តាយ ក្នុងឱកាសលោកដឹកនាំមន្ត្រីសមាជិក សមាជិកាគណបក្សពាក់ព័ន្ធ ចុះជួបជាមួយមន្ត្រីសាខាបក្សភូមិ ឃុំ ប្រមាណ៤១នាក់ ដើម្បីស្វែងយល់អំពីការអនុវត្តន៍ តួនាទីភារកិច្ច ដឹកនាំគ្រប់គ្រងបញ្ហាប្រឈម តម្រូវការ និងការដោះស្រាយ នៅក្នុងមូលដ្ឋានឃុំខ្ជាយខាងជើង ស្រុកដងទង់ នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១។
ក្នុងឱកាសនោះ លោក ជាវ តាយ បានលើកបញ្ជាក់ថា គោលដៅរបស់គណបក្សប្រជាជនកម្ពុជា នៅចំពោះមុខ គឺការងារសំខាន់ចាំបាច់ត្រូវតែដណ្ដើមយកភាពជោគជ័យឱ្យបានលើការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ ឆ្នាំ២០២២ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ឆ្នាំ២០២៣ ដើម្បីបានបន្តជំហាន ក្នុងកិច្ចដឹកនាំអភិវឌ្ឍប្រទេស សេដ្ឋកិច្ចសង្គមកម្ពុជា ឱ្យកាន់តែរីកចម្រើន សំដៅធ្វើឱ្យកំណើនជីវភាពប្រជាជនកាន់តែធូរធារប្រសើរឡើងថែមទៀត។
ប៉ុន្តែ ដើម្បីសម្រេចភាពជោគជ័យនេះមន្ត្រីគណបក្សគ្រប់ថ្នាក់ គ្រប់ផ្នែក អាជ្ញាធរសមត្ថកិច្ចពាក់ព័ន្ធត្រូវបង្កើនការយកចិត្តទុកដាក់ បំពេញតួនាទីភារកិច្ចទាំងការងារគ្រប់គ្រងដឹកនាំ ក្នុងរចនាសម្ព័ន្ធបក្ស និងការលើកកម្ពស់ បង្កើនស្មារតីពង្រឹងគុណភាពការងារឱ្យកាន់តែរឹងមាំ ដោយសមាជិកម្នាក់ៗត្រូវកសាងទំនាក់ទំនង និងបម្រើសេវាសាធារណៈ ជាមួយនឹងប្រជាជនយកចិត្តទុកដាក់ថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ និងវិធានការដោះស្រាយបញ្ហាប្រឈម សំណូមពរ តម្រូវការនៅក្នុងមូលដ្ឋានឱ្យបានទាន់ពេលវេលាឆាប់រហ័ស និងមានប្រសិទ្ធភាព។
ទន្ទឹមនឹងនោះដែរ លោកអភិបាលខេត្ត ក៏បានណែនាំឱ្យមន្ត្រីត្រូវក្ដាប់ឱ្យជាប់សភាពការណ៍រួមទូទៅ វាយបកបង្ក្រាបទប់ស្កាត់ឱ្យបានទាន់ពេលវេលា រាល់ព័ត៌មានក្លែងក្លាយ ដែលបានបង្កើតឡើងដោយជនអគតិក្នុងគោលបំណងប្រឆាំង និងផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន។
លោក ជាវ តាយ បានបញ្ជាក់ថា ពាក់ព័ន្ធនឹងវិធានការបង្ការទប់ស្កាត់ជំងឺកូវីដ១៩ អាជ្ញាធរមូលដ្ឋាន ក៏ត្រូវបង្កើនការផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ឋឱ្យអនុវត្តនូវវិធានការ «៣កុំ និង៣ការពារ» ឱ្យបានខ្ជាប់ខ្ជួន។ ពិសេសបើមានប្រជាពលរដ្ឋចំណាកស្រុក បានវិលចូលមកលំនៅដ្ឋានក្នុងមូលដ្ឋានវិញ ត្រូវតែតាមដានឱ្យបានជាប្រចាំ បើមានករណីសង្ស័យត្រូវរាយការណ៍ឱ្យជំនាញមកពិនិត្យមើល ដើម្បីអនុវត្តតាមបច្ចេកទេសរបស់ក្រសួងសុខាភិបាល។
លោក ជាវ តាយ ក៏បានឧបត្ថម្ភថវិកាជូនគណបក្សឃុំខ្ជាយខាងជើងចំនួន ៥០ម៉ឺនរៀល និងជូនដល់សមាជិក សមាជិកាគណបក្ស ភូមិ ឃុំ ចំនួន៤១នាក់ ម្នាក់ៗថវិកា៥ម៉ឺនរៀល និងកងកម្លាំងមួយចំនួនទៀត
សរុបថវិកា ៣លាន ១៣ម៉ឺនរៀល៕