(កំពង់ឆ្នាំង)៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ បានរកឃើញករណីវិជ្ជមានកូវីដ១៩ ចំនួន០៣នាក់ថ្មីបន្ថែមទៀត នៅភូមិម៉ុងបារាំង សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ចំនួន០២នាក់, ភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ចំនួន១នាក់។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបានមុននេះបន្តិច។

អ្នកវិជ្ជមានកូវីដ-១៩ ចំនួន ៣នាក់បន្ថែមរួមមាន៖

ទី១៖ ឈ្មោះ ហេ គឹមសុង ភេទប្រុស អាយុ៦១ឆ្នាំ ជាអ្នករស់នៅភូមិស្ទឹងបារាំង សង្កាត់ម្នេរ ក្រុងកំពង់ឆ្នាំង។
ទី២៖ ឈ្មោះ ហោ ចាន់ស៊ី ភេទប្រុស អាយុ៣៧ឆ្នាំ ជាអ្នកបើករថយន្តរបស់ឈ្មោះ ហុង ម៉េង រស់នៅភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង។
និងទី៣៖ ឈ្មោះ លន់ ទ្រី ភេទប្រុស អាយុ៥១ឆ្នាំ ជាមន្ត្រីនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត រស់នៅភូមិស្ទឹងបារាំង សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង។

ប្រវត្តិនៃការប៉ះពាល់៖

*ឈ្មោះ ហេ គឹមសុង មានប្រវត្តិចេញ-ចូល អាហារដ្ឋានបូរីញឹកញាប់ និងបានជូនប្រពន្ធទៅលក់សំលៀកបំពាក់នៅផ្សារលើ ខេត្តកំពង់ឆ្នាំង (ប្រពន្ធយកសំណាកលើកទី១ លទ្ធផលអវិជ្ជមាន)។
*ឈ្មោះ ហោ ចាន់ស៊ី មានប្រវត្តិប៉ះពាល់ជាមួយឈ្មោះ ហុង ម៉េង និងបានប៉ះពាល់ជាមួយកម្មករចំនួន១៦នាក់ នៅកសិដ្ឋាន (ចំការខ្នុរ នៅភូមិក្បាលដំរី ឃុំត្រពាំងចាន់ ស្រុកបរិបូណ៌)។
*ឈ្មោះ លន់ ទ្រី មានប្រវត្តិប៉ះពាល់ជាមួយមន្ត្រីក្នុងក្រុមទី២ នៃក្រុមចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធ ក្រុងកំពង់ឆ្នាំង និងមានប្រពន្ធ ជាអ្នកលក់សំលៀកបំពាក់នៅផ្សារលើ ខេត្តកំពង់ឆ្នាំង (តែផ្អាកលក់ជាង ១ខែហើយ)។

អ្នកទាំងបីខាងលើមានលទ្ធផល វិជ្ជមានកូវីដ១៩ តាមការធ្វើតេស្តរហ័ស (Rapid Test) និងបានដាក់ឱ្យសម្រាកព្យាបាលនៅមណ្ឌលព្យាបាលវិទ្យាល័យ ហ៊ុន សែន កំពង់ត្រឡាច។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ «៣ការពារ និង៣កុំ»។ ចំពោះបងប្អូនប្រជាពលរដ្ឋ ឬមិត្តភក្តិដែលធ្លាប់ប្រាស្រ័យទំនាក់ទំនងអ្នកវិជ្ជមានកូវីដ១៩ ខាងលើ ក្នុងរយៈពេល១៤ថ្ងៃមុន សូមមកពិនិត្យសំណាកជាបន្ទាន់ នៅមន្ទីរពេទ្យបង្អែកខេត្ត ឬមណ្ឌលសុខភាពដែលនៅជិតបំផុត៕

ខាងក្រោមនេះ សេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកំពង់ឆ្នាំង៖