(ភ្នំពេញ)៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ បានអំពាវនាវផ្ញើសារទៅកាន់ប្រជាពលរដ្ឋកុំអាលត្រេកអរជាមួយការធ្លាក់ចុះនៃអត្រាឆ្លងជំងឺកូវីដ១៩ ហើយត្រូវប្រកាន់ស្មារតីប្រុងប្រយ័ត្នជាប់ជាប្រចាំ ដើម្បីកុំឱ្យមេរោគនេះរីករាលដាលឡើងជាថ្មី។ អ្វីដែលលោកស្រី ឱ្យប្រុងប្រយ័ត្នកាន់តែខ្លាំងនោះ គឺមេរោគកូវីដ១៩ បំប្លែងថ្មី។
ការឆ្លងជំងឺកូវីដ១៩ នៅក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ រយៈពេលជិត៣ខែកន្លងមកនេះ បានធ្វើឱ្យអត្រាឆ្លងជំងឺមានការកើនឡើងជាបន្តបន្ទាប់ ដែលរហូតមកដល់ពេលនេះធ្វើកម្ពុជាមានអ្នកឆ្លងជំងឺកូវីដ១៩សរុប រហូតដល់ទៅ ២១,៤៩៩នាក់ និងស្លាប់រហូតដល់ ១៤៧នាក់។
បើទោះបីជាយ៉ាងណា ក្រោមការប្រឹងប្រែងប្រយុទ្ធដោយស្វិតស្វាញក្រោមការដឹកនាំ និងបញ្ជាដោយសម្តេចតេជោ ហ៊ុន សែន ជាមេបញ្ជាការកំពូលលើសមរភូមិសត្រូវឥតស្រមោលនេះ អត្រាឆ្លងជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០ ត្រូវបានគេមើលឃើញមានការធ្លាក់ចុះរយៈពេលប្រមាណ៣ថ្ងៃចុងក្រោយនេះជាបន្តបន្ទាប់គ្នា។
ជាសារផ្តាំផ្ញើជូនដល់ប្រជាពលរដ្ឋតាមរយៈបទសម្ភាសន៍ជាមួយបណ្តាញព័ត៌មាននៅរសៀលថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១នេះ លោកស្រី ឱ វណ្ណឌីន បានគូសរំលេចពីសញ្ញាណល្អនៃការធ្លាក់ចុះអត្រាឆ្លងជំងឺកូវីដ១៩នាពេលនេះ។ តែទោះបីជាយ៉ាងណា លោកស្រី បន្តរំលឹកដល់ប្រជាពលរដ្ឋមិនត្រូវភ្លេចស្មារតីប្រុងប្រយ័ត្នការពារជំងឺនេះឡើយ ព្រោះវាអាចកម្រើកឡើងវិញគ្រប់ពេលវេលា បើយើងធ្វេសប្រហែស។
លោកស្រី បានក្រើនរំលឹកយ៉ាងដូច្នេះ «ឃើញធ្លាក់ចុះបន្តិចហើយ តែកុំអាលអរ ត្រូវតែខិតខំជំរុញការងារការពាររបស់យើងនេះឱ្យកាន់តែខ្លាំងថែមទៀត ដើម្បីឱ្យការធ្លាក់ចុះនេះវាធ្លាក់ចុះពិតប្រាកដ ឱ្យវាធ្លាក់អស់តែម្តង។ ហើយមិនត្រឹមតែធ្លាក់អស់ទេ គឺការពារវាកុំឱ្យងើបមកវិញ អាហ្នឹងគឺសំខាន់ណាស់ ទី១ ឱ្យធ្លាក់ហើយ ទី២ កុំឱ្យវាហក់ឡើងមកវិញ»។
ក្នុងឱកាសនេះមន្ត្រីជាន់ខ្ពស់ជំនាញសុខភាពសាធារណៈរូបនេះ ក៏បានក្រើនរំលឹកប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នកាន់តែខ្ពស់បន្ថែមទៀត លើមេរោគបំប្លែងថ្មី ព្រោះមេរោគសូម្បីអង្គការសុខភាពពិភពលោក ក៏បារម្ភ ព្រោះការចម្លង និងការរីករាលដាលមានសភាពលឿន៕