(ភ្នំពេញ)៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំង បានថ្លែងឱ្យដឹងថា ការចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ អាចនឹងដំណើរការនៅទូទាំងរាជធានីភ្នំពេញ នៅក្នុងខែឧសភានេះ។

លោកស្រី ឱ វណ្ណឌីន បានបញ្ជាក់បែបនេះ ក្នុងបទសម្ភាសន៍ជាមួយក្រុមអ្នកព័ត៌មានពេលយកថវិកាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ប្រគល់ជូនអ្នកចាក់វ៉ាក់សាំងទី១លាន និងទី២លាន នៅរសៀលថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១នេះ។

ក្នុងបទសម្ភាសន៍លោកស្រី បានគូសរំលេចថា ការចាក់វ៉ាក់សាំងក្នុងតំបន់ក្រហមនៅខណ្ឌទាំង៦ ដោយកងទ័ពរយៈពេល ១៤ថ្ងៃ បានសម្រេចស្ទើរទាំងស្រុងហើយ ហើយការចាក់ដូសទី២ នឹងចាប់ផ្តើមនៅកំលុងថ្ងៃទី១៥ ខែឧសភា។

លោកស្រី បានបញ្ជាក់ដែរថា នៅសប្តាហ៍ក្រោយពេលកម្ពុជាទទួលបានវ៉ាក់សាំងបន្ថែមប្រមាណ ១.៥លានទៀតនោះ ក្រុមគ្រូពេទ្យរបស់ក្រសួងសុខាភិបាល នឹងចាប់ផ្តើមចាក់នៅក្នុងខណ្ឌចំនួនពីរទៀត គឺខណ្ឌសែនសុខ និងខណ្ឌបឹងកេងកង។ បន្ទាប់ពីខណ្ឌទាំងនេះ នឹងបន្តទៅខណ្ឌបន្តបន្ទាប់ទៀត។

លោកស្រី បានបញ្ជាក់បែបនេះ «យើងសង្ឃឹមថា នៅក្នុងខែនេះ យើងនឹងបានចាប់ផ្តើមគ្រប់ខណ្ឌទាំងអស់តែម្តងនៅក្នុងរាជធានីភ្នំពេញ»។

ក្រៅតែពីការចាប់ផ្តើមចាក់នៅគ្រប់ខណ្ឌទូទាំងរាជធានីភ្នំពេញហើយនោះ លោកស្រី ឱ វណ្ណឌីន ក៏បានបញ្ជាក់ដែរថា វ៉ាក់សាំងដែលមកដល់នៅខែជាបន្តបន្ទាប់ទៀតនោះ គណៈចំពោះកិច្ចចាក់វ៉ាក់សាំងនឹងបន្តចាក់នៅខេត្តកណ្តាល ក៏ដូចជាខេត្តព្រះសីហនុ និងខេត្តបន្តបន្ទាប់តាមការចង្អុលបង្ហាញរបស់សម្តេចតេជោ។

រាជរដ្ឋាភិបាលកម្ពុជា បានចាប់ផ្តើមចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅថ្ងៃទី១០ ខែកុម្ភៈ ហើយមកដល់ថ្ងៃទី១៤ ខែឧសភា កម្ពុជាចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានជាង ២លាននាក់ ស្មើនឹងប្រមាណ ២០ភាគរយ នៃចំនួនប្រជាពលរដ្ឋដែលត្រូវចាក់វ៉ាក់សាំងជាង ១០លាននាក់។

លោកស្រី ឱ វណ្ណឌីន បានថ្លែងថា ការចាក់វ៉ាក់សាំងជាផែនការ និងយុទ្ធសាស្ត្រមួយរបស់រាជរដ្ឋាភិបាល ក្នុងការយកឈ្នះលើការរីករាលដាលជំងឺកូវីដ១៩។ ជាពិសេសជួយឱ្យសេដ្ឋកិច្ចកម្ពុជា បន្តដំណើរការឡើងវិញ។

ឈរលើស្មារតីនេះ រាជរដ្ឋាភិបាល តាមរយៈក្រុមប្រឹក្សាសេដ្ឋកិច្ចកម្ពុជា ដែលមានឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ជាប្រធាន ក៏ដូចជាគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំង បានដាក់ចេញផែនការយុទ្ធសាស្ត្រដែលមានភាពបន្ស៉ីគ្នា ធ្វើយ៉ាងណាចាក់វ៉ាក់សាំងទៅតាមតំបន់សំខាន់ដល់ដំណើរការសេដ្ឋកិច្ចនៅកម្ពុជា។

លោកស្រី ឱ វណ្ឌឌីន បានបញ្ជាក់ដូច្នេះ «យើងនឹងបន្ស៉ីផែនការជាមួយគ្នា ឱ្យមានសុគតភាពជាមួយគ្នា ដើម្បីចាត់ចែងយ៉ាងម៉េចរុញច្រានឱ្យការចាក់វ៉ាក់សាំងនេះ ឱ្យដើរទៅតាមគោលដៅអាទិភាពធំៗ។ ជាពិសេសទៀត សំដៅធ្វើយ៉ាងម៉េចឱ្យតំបន់ ដែលជាតំបន់សេដ្ឋកិច្ច ក៏ដូចជាតំបន់ដែលអាចជួយស្តារនូវសេដ្ឋកិច្ចរបស់យើង ដូចជាមានទេសចរណ៍ច្រើន ដើម្បីឱ្យតំបន់ទាំងនោះអាចនឹងវិលត្រឡប់ទៅវិញបានដោយឆាប់រហ័សនូវការប្រកបរបររកស៊ីទទួលទាន ក៏ដូចជាការបើកឡើងវិញនូវដំណើរការនៃការរស់នៅជាប្រក្រតីរបស់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាទេសចរណ៍របស់យើងនេះ ដើម្បីឱ្យសេដ្ឋកិច្ចជាតិរបស់យើង ក៏ដូចជាសេដ្ឋកិច្ចគ្រួសារនេះ គឺអាចនឹងមានការកម្រើកឡើងវិញ»។

លោកស្រី ឱ វណ្ណឌីន ក៏បានឆ្លៀតអំពាវនាវដល់ប្រជាពលរដ្ឋឱ្យរួមគ្នាទៅចាក់វ៉ាក់សាំង តាមការរៀបចំរបស់អាជ្ញាធរ ដោយត្រូវជឿជាក់ការគ្រប់គ្រងដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន។ លោកស្រី ក៏បានបន្តអំពាវនាវដល់ប្រជាពលរដ្ឋប្រកាន់ខ្ជាប់នូវស្មារតីការពារជំងឺកូវីដ១៩ ដោយអនុវត្តនូវអនុសាសន៍ «៣កុំ ៣ការពារ» ដែលលោកស្រីចាត់ទុកជាយន្តការពារដ៏ស័ក្តិសិទ្ធ ដើម្បីកុំឱ្យការរីករាតត្បាតជំងឺកូវីដ១៩កម្រើកឡើងវិញ៕