(ភ្នំពេញ)៖ អាចថាជាការចែករំលែកបទពិសោធន៍មួយសម្រាប់អ្នកលក់ទំនិញគ្រឿងទេសទាំងឡាយ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះជនខិលខូចបន្លំលួចទំនិញ នៅពេលពួកគេចូលមកលេងល្បិចធ្វើជាទិញទំនិញនៅក្នុងហាង។ នៅថ្ងៃសុក្រ ទី១៤ ខែឧសភា ឆ្នាំ២០២១នេះ អ្នកលក់គ្រឿងទេសមួយកន្លែង មានឈ្មោះ «ពេជ្រ ចិន្តា» ជាកន្លែងលក់ដុំ និងរាយភេសជ្ជៈ និងគ្រឿងទេសនានា នៅក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ត្រូវបានជនខិលខូចម្នាក់ ចូលមកបន្លំធ្វើជាទិញទំនិញ ហើយលួចយកបារីអស់ ៨សុងទៅបាត់។
ម្ចាស់ហាងលក់គ្រឿងទេស បានរៀបរាប់ឱ្យដឹងថា នៅលើវេលាម៉ោងជាង៩៖៤០ព្រឹកមិញ មានស្រីម្នាក់អាយុជាង ៤០ឆ្នាំម្នាក់ បានជិះម៉ូតូម៉ាកសង់ មិនចាំស៊េរី និងផ្លាកលេខនោះ បានចូលមកធ្វើទិញឥវ៉ាន់នៅតូបរបស់ខ្លួន។ ស្រ្តីនោះបានបន្លំធ្វើជាបញ្ជាទិញឥវ៉ាន់ជាច្រើនមុខ ដោយមិនមានតថ្លៃអ្វីទាំងអស់ រួមទាំងទិញបារីចំនួន ៨សុង ដែលមួយសុងលក់ក្នុងតម្លៃដុំ ៥,៥០០០រៀល។
ម្ចាស់ហាងបន្តថា នៅពេលអ្នកលក់ពីរនាក់ បានចូលក្នុងតូប ដើម្បីទៅយកទំនិញរៀបចំឱ្យ ស្រ្តីនោះបានបន្លំយកបារីទាំង៨សុងនោះ រួចជិះម៉ូតូចេញទៅបាត់។
លុះជិតមួយម៉ោងក្រោយ គឺម៉ោង ១០៖៤០នាទី មានបុរសម្នាក់អាយុជាង ២០ឆ្នាំជិះម៉ូតូម៉ាកសង់ មិនចាំស៊េរី និងផ្លាកលេខ បានចូលមករកទិញបារី ២០សុង និងទិញឥវ៉ាន់ផ្សេងៗទៀតដូចអ្នកទី១ផងដែរ។
តែដោយមើលចរិត និងស្ថានភាពមិនសូវទំនង ពិសេសបុរសនោះតថ្លៃទំនិញឱ្យថោកខុសពីធម្មតានោះ។ អ្នកលក់ក៏មានការសង្ស័យ និងមិនព្រមលក់ឱ្យនោះទេ។ បុរសនោះក៏ជិះម៉ូតូចេញទៅ។
នៅម៉ោងជាង ១១៖៤០នាទី បុរសនោះបានចូលតូបឈ្មោះ សួន វុទ្ធី ដែលមានទីតាំងនៅជិតវត្តឈូកវ៉ា និងជាម៉ូយទំនិញរបស់ «ពេជ្រ ចិន្តា» ដែរនោះ បានសុំទិញបារី ៦សុង និងឥវ៉ាន់ផ្សេងៗទៀត។ អ្វីដែលគួរឱ្យចម្លែក ឬសង្ស័យនោះ គឺក្រោយពេលអ្នកលក់នៅតូប «សួន វុទ្ធី» គិតលុយ បុរសនោះឆ្លើយថាគ្មានលុយទៅវិញ។ បើទិញបារី ៦សុង គ្មានលុយគ្រប់ផង ចុះចង់ទិញបារី២០សុងពីតូប ពេជ្រ ចិន្តា មួយម៉ោងមុននេះអាចមានលុយគ្រប់ដែរឬយ៉ាងណា?
បើតាមម្ចាស់ហាង សកម្មភាពដើរលួចបន្លំយកឥវ៉ាន់នេះ ហាក់ដូចជាបានរៀបចំទុកជាមុន ព្រោះពាក្យសម្តី ការបញ្ជាទិញឥវ៉ាន់ និងគម្លាតម៉ោង ដូចជាមានភាពស្រដៀងគ្នាច្រើន។
តាមរយៈបទពិសោធន៍នេះ ម្ចាស់ហាងរងគ្រោះ បានសូមអំពាវនាវដល់ម្ចាស់ហាងដទៃទៀត មានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ ដើម្បីចៀសវាងការចាញ់បោកដូចករណីខាងលើនេះ៕