(ភ្នំពេញ)៖ រយៈពេល១៤ថ្ងៃនៃយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅតំបន់ក្រហម ដែលជាតំបន់ប្រឈមនឹងការរីករាលដាលជំងឺកូវីដ១៩ ក្នុងរាជធានីភ្នំពេញ ក្រោមបទបញ្ជាផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានោះ ក្រុមការងារចាក់វ៉ាក់សាំងរបស់ក្រសួងការពារជាតិ បានចាក់ជូនប្រជាពលរដ្ឋបានជាង ៦៥ម៉ឺននាក់ហើយ។ ការចាក់ដូសទី២ នឹងចាប់ផ្តើមពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១នេះតទៅ។
យោងតាមរបាយការណ៍ ដែល Fresh News ទទួលបាននៅព្រឹកថ្ងៃសៅរ៍ ទី១៥ ខែឧសភា បានបង្ហាញថា នៅថ្ងៃទី១៤ ខែឧសភា ម្សិលមិញនេះ ក្រុមការងារចាក់បាន ៤១,៩២៦នាក់ ស្រី ២២,៣៥៤នាក់។ សរុប១៤ថ្ងៃចាក់បានចំនួន ៦៥២,៩៥៣នាក់ ស្រី ៣៥២,៩១៨នាក់។
ក្នុងនោះខណ្ឌមានជ័យ ចាក់បាន ១៣៦,៥៥៧នាក់ ខណ្ឌដង្កោ ចាក់បាន ១៣០,៦៥៣នាក់ ខណ្ឌកំបូល ចាក់បាន ១០១,៨១៥នាក់ ខណ្ឌពោធិ៍សែនជ័យ ចាក់បាន ២២៤,៧៨០នាក់ ខណ្ឌឫស្សីកែវ ចាក់បាន ៣៩,៤៧៥នាក់ និងខណ្ឌទួលគោក ចាក់បាន ១៩,៦៧៣នាក់។
រាជរដ្ឋាភិបាលកម្ពុជា បានចាប់ផ្តើមដាក់ចេញយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅតំបន់ក្រហមក្នុងខណ្ឌចំនួន៦ កាលពីថ្ងៃទី០១ ខែឧសភា ដោយមានចំនួនប្រជាពលរដ្ឋត្រូវចាក់សរុបប្រមាណជា ៩០ម៉ឺននាក់។
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ និងជាប្រធានក្រុមការងារចាក់វ៉ាក់សាំងនៅតំបន់ក្រហម ដែលបានចុះពិនិត្យជាប់ប្រចាំនូវដំណើរការចាក់វ៉ាក់សាំង បានគូសបញ្ជាក់ថា ដំណើរការចាក់វ៉ាក់សាំងដូសទី១ បានបញ្ចប់ប្រមាណ ៨០ ទៅ ៩០ភាគរយហើយ ហើយការចាក់ដូសទី២ នឹងចាប់ផ្តើមនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១។
បើតាមនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ទោះបីចាប់ផ្តើមចាក់ដូសទី២ តែការចាក់ដូសទី១ ក៏បានធ្វើទន្ទឹមគ្នានេះ សម្រាប់ប្រជាពលរដ្ឋដែលនៅសេសសល់មិនទាន់ចាក់នោះ។
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលដល់ថ្ងៃចាក់ដូសទី២ សូមទៅចាក់វ៉ាក់សាំងតាមការរៀបចំរបស់អាជ្ញាធរ នៅតាមទីតាំងដែលខ្លួនបានចាក់ដូសទី១។ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ក៏បានក្រើនរំលឹក និងអំពាវនាវសូមប្រជាពលរដ្ឋទៅចាក់វ៉ាក់សាំងរក្សារបៀបរៀបរយ គោរពវិធានរបស់ក្រសួងសុខាភិបាល ដើម្បីការពារការឆ្លង និងរីករាលដាលជំងឺកូវីដ១៩៕