(រតនគិរី)៖ រដ្ឋបាលខេត្តរតនគិរី បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់អំពីការរកឃើញមនុស្សម្នាក់បន្ថែមទៀត ដែលមានវិជ្ជមានកូវីដ១៩ ជាអ្នករស់នៅឃុំលុងឃុង ស្រុកបរកែវ ដែលទើបធ្វើដំណើរត្រឡប់មកពីបើកថ្នាំព្យាបាល បេះដូងនៅភ្នំពេញ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១នេះ។

ក្នុងសេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា អ្នកជំងឺកូវីដ១៩ ម្នាក់នេះ ឈ្មោះ នាង ម៉ាត់ ភេទប្រុស អាយុ៦១ឆ្នាំ មានលំនៅអចិន្ត្រៃយ៍នៅភូមិជ្រៀក ឃុំលុងឃុង ស្រុកបរកែវ ខេត្តរតនគិរី បានធ្វើដំណើរទៅទទួលយកថ្នាំព្យាបាលជំងឺបេះដូង នៅគ្លីនិកឯកជនឈ្មោះ «កែប ចិន» ស្ថិតនៅព្រែកក្តាម កាលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១រួចហើយ ត្រឡប់មកសម្រាកនៅផ្ទះរបស់គាត់មួយកន្លែងផ្សេងទៀតស្ថិតនៅសង្កាត់ច្រាំងចំរេះ២ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

លុះដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១ ម្សិលមិញ បុគ្គលរូបនេះធ្វើដំណើរត្រឡប់មកលំនៅដ្ឋានវិញតាមមធ្យោបាយរថយន្តឈ្នួល ក៏ត្រូវបានក្រុមការងារឆ្លើយតបបន្ទាន់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តរតនគិរី តាមរយៈលទ្ធផលវិភាគដោយប្រើតេស្តរហ័ស។

បច្ចុប្បន្នអ្នកជំងឺកូវីដ១៩ និងអ្នកពាក់ព័ន្ធត្រូវបញ្ជូនទៅសម្រាកព្យាបាល និងធ្វើចត្តាឡីស័កនៅវិទ្យាល័យត្រពាំងក្រហម ស្ថិតក្នុងភូមិ៣ ឃុំត្រពាំងក្រហម ស្រុកកូនមុំ ខេត្តរតនគិរី៕