(ព្រៃវែង)៖ រដ្ឋបាលខេត្តព្រៃវែង នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១នេះ បានបន្តរកឃើញ និងបង្ហាញអត្តសញ្ញាណអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន៥នាក់ តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) នៅមូលដ្ឋានក្នុងស្រុកសុីធរកណ្តាល ខេត្តព្រៃវែង។ ខណអ្នកជំងឺកូវីដ១៩ ចំនួន០៦នាក់ បានជាសះស្បើយពីជំងឺ រួមមាននៅស្រុកពារាំង ចំនួន០៥នាក់ និងស្រុកកំចាយមារ ១នាក់ផងដែរ។
ប្រវត្តិធ្វើដំណើរ និងឈ្មោះជាមួយកន្លែងស្នាក់នៅរបស់អ្នកវិជ្ជមានកូវីដ-១៩ ទាំង៥នាក់ ត្រូវបានបង្ហាញនៅលើរូបថតរបស់ពួកគាត់។ បច្ចុប្បន្ន អ្នកវិជ្ជមានជំងឺកូវីដខាងលើ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកសុីធរកណ្តាល ខេត្តព្រៃវែង។
បន្ថែមពីនេះ អាជ្ញាធរខេត្តសូមដល់ប្រជាពលរដ្ឋ សូមចូលរួមប្រយ័ត្នប្រយែងខ្ពស់លើសុខភាព និងសហការណ៍បានល្អ ក្នុងការរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានចំពោះអ្នកសង្ស័យឆ្លងកូវីដ១៩ ជាពិសេសសូមស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល និងអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមវិធានការ «៣ការពារ ៣កុំ»៕